នីតា វរវង្ស តារាកំពុងលូតលាស់ក្នុងអាជីព
រាជធានីភ្នំពេញ ៖ តារាវ័យក្មេងទើបតែរះឡើងក្នុងពិភពសិល្បៈកញ្ញានីតា វរវង្ស កាន់តែរីកលូតលាស់ដោយទទួលបានតំណែងតួអង្គសំខាន់ក្នុងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ ។ ភាគច្រើនវរវង្សសម្តែងជាតួអង្គកាចឆ្នាស់ ។
រហូតមកទល់ពេលនេះកញ្ញានីតា វរវង្ស គ្រងបានតំណែងតួអង្គសំខាន់របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានប្រមាណជាបួនទៅប្រាំរឿងហើយ ។ ស្នាដៃរបស់នាងមានរឿង«ភ្លើងស្នេហ៍ភ្លើងឫស្យា» «ហង្សបាក់ស្លាប» ,«នាងនាថបាត់ដំបង» ,«ស្នេហាចាំជាតិ» និងរឿងថ្មីទើបធ្វើពិធីក្រុងពលី«នេះឬជីវិត»ជាតួឡូយឆាយភ្លើតភ្លើន ។
ស្រីស្អាតវ័យក្មេងកញ្ញានីតា វរវង្ស កន្លងមកមិនទាន់បានតំណែងតួឯកទេ ប៉ុន្តែរឿងដែលនាងសម្តែងកន្លងមកនៅទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជាតួអង្គលេចធ្លោប្រហែលតួឯកដែរ។ ដូច្នេះហើយទើបនាងមិនដែលអាក់អន់ស្រពន់ចិត្តអ្វីទេ ។
វរវង្សនិយាយថា «តាំងពីចាប់អាជីពសម្តែងមក នាងខ្ញុំជួបជំពប់តែតំណែងតួកាចឆ្នាសឆ្នើមញឹកជាងគេ ។ មូលហេតុនេះហើយទើបនាងខ្ញុំគិតថាចរិតលេងតួកាចរបស់នាងខ្ញុំពិតជាទាក់ទាញផលិតករ អ្នកដឹកនាំរឿងទើបឆក់បានតួនាទីនេះរហូត ជាប់ៗគ្នា ។ ចូលមកដល់ចំណុចតួកាចបែបនេះហើយទើបនាងខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាឱ្យល្អ ហើយឱ្យសមកាចដល់កំពូលដូចបណ្តារៀមច្បង មុនៗផងដែរ ។ ប្រសិនបើនាងខ្ញុំមានកំហុសឆ្គងការសម្តែង អាចបងប្អូនផ្តល់ជាមតិរិះគន់ដើម្បីស្ថាបនាកែលម្អការសម្តែងរបស់នាងខ្ញុំជាបន្តទៀត» ។
កញ្ញានីតា វរវង្ស មានអ្នកតាមស្រឡាញ់ច្រើន តែប្រហែលជាមិនអាចទេ ព្រោះនាងមានម្តាយតាមគ្រប់ជំហានដើម្បីមើលការខុសត្រូវ ៕
ប្រភព៖ កោះសន្តិភាព
Post a Comment