ទិញផ្ទះតពីគេ ត្រូវប្រយ័ត្នបំផុតចំណុចអស់នេះ ប្រយ័ត្នខាតឡុងចុងអស់ពីខ្លួន
ការចំណាយលុយទិញផ្ទះដើម្បីស្នាក់នៅ គឺជារឿងសំខាន់បំផុតត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខុសពីទិញទ្រព្យសម្បត្តិផ្សេង ព្រោះមិនមែនទិញថ្ងៃនេះលក់វិញថ្ងៃស្អែកនោះឡើយ។ ប្រជាពលរដ្ឋមួយចំនួនមិនបានគិតដល់ចំណុចហានិភ័យជាច្រើន មុនសម្រេចចិត្តទិញផ្ទះតពីគេទេ ឱ្យតែពេញចិត្តហើយមានលុយទិញតែម្ដង។ ខាងក្រោមនេះជាការបង្ហាញពីចំណុចត្រូវប្រុងប្រយ័ត្នបំផុត របស់លោក ជី ដានិត អ្នកជំនាញវាយតម្លៃអចលនទ្រព្យជុំវិញករណីនេះ។
១. ប្រវត្តិផ្ទះ
ត្រង់ចំណុចនេះ លោក ជី ដានិត អ្នកវាយតម្លៃអចលនទ្រព្យក្នុងក្រុមហ៊ុនឯកជនមួយបានប្រាប់ថា មុនសម្រេចចិត្តទិញ ត្រូវសាកសួរអាជ្ញាធរមូលដ្ឋានឱ្យបានច្បាស់លាស់ជុំវិញករណីផ្លូវច្បាប់។ លោកបន្តទៀតថា ប្រសិនបើមិនបានស្រាវជ្រាវអាចមានករណីម្ចាស់ផ្ទះនោះជាប់បំណុលធនាគារ ឬយកផ្ទះនោះទៅបញ្ចាំហើយប្រកាសលក់ទៀត។ មួយវិញទៀត មូលហេតុដែលម្ចាស់ផ្ទះនោះប្រកាសលក់អាចមកកំពុងមានរឿងរ៉ាវប្ដឹងផ្ដល់គ្នា ជាមួយអ្នកជិតខាងរឿងព្រំប្រទល់ផ្ទះជាដើម។ ដូច្នេះហើយជៀសវាងមានបញ្ហាសូមស្រាវជ្រាវឱ្យបានគ្រប់រឿងដែលអាចកើតមាន។
២. បច្ចេកទេសសាងសង់
លោក ជី ដានិត បានលើកឡើងថា ជាធម្មតាផ្ទះដែលទិញតពីគេ មិនដូចផ្ទះទិញថ្មីទេ អាចប្រឈមនឹងហានិភ័យច្រើន។ ដូចនេះមុនទិញត្រូវពិនិត្យមើលឱ្យច្បាស់ ដូចជាគុណភាពនៃសំណង់ មានការប្រេះស្រាំ ឬបែកបាក់ត្រង់ចំណុចណាទេ? ក្រោយពេលទិញតើត្រូវចំណាយលុយជួសជុលអស់ច្រើនឬក៏អត់? បើអស់ច្រើនពេកមិនចាំបាច់ទិញទេ។
៣. តម្លៃ
ទាក់ទងនឹងតម្លៃ អ្នកវាយតម្លៃអចលនទ្រព្យរូបនេះ បានឱ្យដឹងថា រឿងតម្លៃផ្ទះ គឺជារឿងសំខាន់ត្រូវស៊ើបពីតម្លៃផ្ទះក្នុងទីផ្សារសិន ថាតើផ្ទះនៅតំបន់នោះមានតម្លៃប៉ុណ្ណា? ត្រូវនឹងតម្លៃទីផ្សារដែរឬទេ? លោកបន្តទៀតថា រឿងសំខាន់មួយទៀតនោះគឺ ថាតើចំពោះតម្លៃបង់ពន្ធជូនរដ្ឋតើម្ចាស់ផ្ទះជាអ្នកត្រូវបង់ ឬត្រូវបង់ខ្លួនឯង ព្រោះទាក់ទងនឹងការបង់ពន្ធនេះផ្ទះដែលមានការផ្ទេរឈ្មោះបែបនេះ គឺត្រូវជាប់ពន្ធ។ ក្នុងករណីនេះត្រូវនិយាយគ្នាជាមួយម្ចាស់ផ្ទះឱ្យច្បាស់ ចំពោះការបង់ពន្ធ។
៤. ម្ចាស់កម្មសិទ្ធិ និងការផ្ទេរកម្មសិទ្ធិ
លោក ជី ដានិត ប្រាប់ថា ម្ចាស់កម្មសិទ្ធិផ្ទះក៏ជារឿងសំខាន់មិនគួរមើលរំលងដែរ។ លោកនិយាយថា ជួនកាលផ្ទះមួយនឹងអាចមានម្ចាស់កម្មសិទ្ធិច្រើនអ្នក អាចមានករណីអ្នកលួចលក់ផ្ទះហើយម្ចាស់ផ្សេងទៀតមិនដឹងគឺ១០០%ប្រាកដជាមានបញ្ហាមិនខាន។ ចំណែកឯការផ្ទេរកម្មសិទ្ធិគឺដូចគ្នា ត្រូវប្រាកដថាផ្ទះ និងប្លង់ដីផ្ទះនោះមិនមានការដាក់បញ្ចាំប្លង់រឹងនៅធនាគារ ព្រោះបើប្លង់ត្រូវបានបញ្ចាំមានន័យថាបានតែសំបកផ្ទះទេ រីឯផ្ទះពិតប្រាកដធនាគារជាអ្នកគ្រប់គ្រង។ យកល្អមុនទិញផ្ទះដែលមានម្ចាស់បែបនេះគួររកសេវាមេធាវីដើម្បីធានា និងឱ្យអ្នកវាយតម្លៃអចលនទ្រព្យជួយធ្វើការលើរឿងនេះ។
៥. បរិស្ថានជុំវិញផ្ទះ
ត្រង់ចំណុចនេះ លោក ជី ដានិត ចង់សំដៅទៅលើបរិស្ថានពីរយ៉ាងគឺ បរិស្ថានមនុស្ស និងបរិស្ថានជុំវិញផ្ទះ។ បរិស្ថានមនុស្សមានន័យថា មនុស្សនៅជុំវិញផ្ទះជាមនុស្សល្អ មិនមានក្រុមខិលខូចរស់នៅទីនោះ មិនមានចោរលួចចោរឆក់ជាដើម។ ចំណែកឯបរិស្ថានជុំវិញមានន័យថា តើមានបរិយាកាសល្អដែរឬទេ? ព្រោះតំបន់ខ្លះពិបាករស់នៅដូចជា មានសំឡេងរំខាន បរិយាកាសអាប់អួប៉ះពាល់សុខភាពដែរឬទេ? ហើយតើនៅតំបន់នោះមានសក្ដានុពលសេដ្ឋកិច្ច អាចប្រកបរបររកស៊ីបានដែរឬទេ? ប្រសិនមានគ្រប់លក្ខខណ្ឌទាំងនេះទិញទៅមិនខុសទេ៕
ប្រភព៖ សប្បាយ
Post a Comment