កុំភ្លេចអានអត្ថបទនេះ ចំពោះអ្នកដែលនិយមទិញផ្ទះមិនបាច់កក់លុយ ឫការប្រាក់០%
បច្ចុប្បន្ន ការដាក់លក់ផ្ទះឲ្យអតិថិជនដោយមិនបាច់កក់ប្រាក់ គ្រាន់តែបង់រំលស់ជាមួយអត្រាការប្រាក់ ០% (គ្មានការប្រាក់) បានក្លាយជាការយុទ្ធសាស្ត្រទីផ្សារដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយចំនួនធំ ខណៈដែលប្រជាពលរដ្ឋ ឬអ្នកមានតម្រូវការទិញផ្ទះខ្លះ មិនបានយល់ដឹងច្បាស់ពីការតិចនិករបស់ក្រុមហ៊ុនអស់នោះនៅឡើយ។
លោក គីម ហ៊ាង ដែលជាអ្នកជំនាញអចលទ្រព្យ បានថ្លែងនៅលើវេទិកា “ដើមទុនដំបូងរបស់ខ្ញុំ” នៅថ្ងៃទី ២៣ ខែកក្កដា នេះថា បុរីដែលលក់ឲ្យអតិថិជន ដោយមិនបាច់កក់ប្រាក់ និងបង់រំលស់ជាមួយអត្រាការប្រាក់ ០% គឺជាយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនដែលបានគិតគូរួចជាស្រេច។
លោកថា៖ « បុរីណាដែលឲ្យអតិថិជនចូលនៅ មិនបាច់កក់លុយ មិនមានការប្រាក់ទាំងអស់នេះ សុទ្ធតែគេ (ក្រុមហ៊ុនសាងសង់) បូកហើយៗ។ ទោះអតិថិជនចូលនៅក៏ដោយ ក៏ផ្ទះនោះនៅតែជាផ្ទះរបស់អ្នកសាងសង់ដដែលហ្នឹង ហើយអតិថិជនមិនមានអីជាកម្មសិទ្ធិនោះទេ មានតែខោអាវមួយវ៉ាលីហ្នឹង បើអត់លុយបង់ឲ្យគេថ្ងៃណានោះគេនឹងដេញចេញពីផ្ទះថ្ងៃហ្នឹង»។
លោក គីម ហ៊ាង បន្ថែមពីលើនេះថា « បុរីមួយចំនួន ប្រើរូបមន្តរូបភាពបំលែងការពិត រឿងអីដែលក្រុមហ៊ុនអភិវឌ្ឍន៍មានសិទ្ធិបង់រំលស់ រឿងអីដែលគាត់លក់ផ្ទះបង់រំលស់មិនគិតការប្រាក់» ។
លោកបានលើកឧទាហរណ៍ជាក់ស្ដែងថា៖ « លោកអ្នកទិញផ្ទះមួយតម្លៃតែ ៣ម៉ឺនដុល្លារ បើបង់លុយឥឡូវ តែបើអត់មានលុយទេ គេឲ្យបង់រំលស់រយៈពេល ២០ ឆ្នាំ ដោយ១ខែត្រូវបង់ ៣០០ដុល្លារ។ បើលោកអ្នកយកប្រាក់ ៣០០ដុល្លារ គុណនឹង ២៤០ខែ បានន័យថា ផ្ទះមួយតម្លៃដល់ទៅ ៧ម៉ឺន ២ពាន់ដុល្លារឯណោះ។ ហេតុនេះគ្មានក្រុមហ៊ុនណាដែលគេមិនគិតការប្រាក់នោះទេ »៕
Post a Comment