លោក គីម ហ៊ាងៈ នៅក្នុងទីផ្សារសេរីអ្នកខ្សោយនឹងស្លាប់
ស្ថិតនៅក្នុងកាលៈទេសៈមិនច្បាស់លាស់នៃទីផ្សារ និងការយល់ឃើញខុសៗគ្នារបស់អ្នកជំនាញទាក់ទងនឹងវិស័យសំណង់ និងអចលនវត្ថុកម្ពុជា ប៉ុន្តែអ្នកសុទិដ្ឋិនិយមនៅតែយល់ឃើញថាវិស័យនេះទំនងនៅតែរក្សាបាននូវកំណើនរឹងមាំដោយសារការចូលមកដល់របស់អ្នកវិនិយោគកាន់តែច្រើន ពិសេសអ្នកវិនិយោគចិន ប៉ុន្តែការប្រកួតប្រជែងរបស់អ្នកនៅក្នុងវិស័យនេះកាន់តែមានភាពតានតឹងជាងមុន។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងពីឳកាស និងបញ្ហាប្រឈមក្នុងវិស័យនេះ។
តើនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ វិស័យអចលនវត្ថុកម្ពុជាមានសភាពដូចម្តេច?
នៅក្នុងត្រីមាសទី ១ នេះ បើនិយាយពីអចលនទ្រព្យកណ្តាលក្រុងគឺនិយាយពីអាផាតមិនសម្រាប់ជួលមានការវិវត្តព្រោះក្នុងបរិបទទីផ្សារសេរីអ្នកឆ្លាតទើបរស់ តែបើខ្សោយនឹងស្លាប់។ នៅក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមនកាលពី ១០ ឆ្នាំមុនអ្នកមានអាផាតមិនកម្ពស់ពី ៥ ទៅ ៨ ជាន់ អ្នកវិនិយោគរូបនោះពិតជាគ្រាន់បើហើយ ប៉ុន្តែពេលនេះអាផាតមិនថ្មីកម្ពស់ពី ១០ ទៅ ២០ ជាន់ឡើងទើបគេមកជួលរស់នៅ។
ដូច្នេះក្នុងបរិបទទីផ្សារសេរី អ្នកដែលខ្សោយនឹងត្រូវបិទទ្វារមានន័យថាភ្ញៀវដែលរស់នៅអាផាតមិនចាស់នឹងផ្លាស់ប្តូរទៅរស់នៅអាផាតមិនថ្មីៗ។
ខុនដូក៏ដូចគ្នាដែរបច្ចុប្បន្ននេះខុនដូដែលបញ្ចប់ការសាងសង់បានដាក់ចូលទៅក្នុងទីផ្សារបណ្តើរៗហើយ។ វិស័យនេះនឹងប្រកួតប្រជែងជាមួយអាផាតមិនព្រោះខុនដូ និងអាផាតមិនមិនខុសគ្នានោះទេ ដូច្នេះអ្នកមានអាជីព និងអ្នកខ្លាំងទើបឈរជើងបាននៅលើទីផ្សារ ប៉ុន្តែអ្នកមិនចេះហើយធ្វើតាមគេនឹងប្រឈមមុខនឹងបញ្ហា។
ចុះទីផ្សារបុរីនានាមានភាពដូចម្តេចដែរ?
បុរី ខ្ញុំមិនឃើញមានបញ្ហាអ្វីនោះទេ ប៉ុន្តែអ្នកសាងសង់បុរីបានចាប់ផ្តើមបង្វែរទីផ្សារពីមុនអ្នកសាងសង់បុរីសំដៅដល់អ្នកមានលុយច្រើន និងអ្នកមានប្រាក់ចំណូលមធ្យម ប៉ុន្តែពេលនេះទីផ្សារសម្រាប់អ្នកមានចំណូលមធ្យម និងមានប្រាក់ច្រើនបានឆ្អែតហេតុនេះទើបគេបង្វែរទីផ្សារ។ តម្លៃលំនៅឋានចាប់ពី ២ ទៅ ៣ ម៉ឺនដុល្លារសង់ប៉ុន្មានក៏លក់អស់ដែរព្រោះនៅភ្នំពេញអ្នកធ្វើការក្នុងវិស័យឧស្សាហកម្មមានប្រមាណ ៨០ ម៉ឺននាក់ ផ្នែកសេវាកម្ម ២០ ម៉ឺននាក់ និងមន្ត្រីរាជការជាង ១០ ម៉ឺននាក់សរុបមានជាង ១ លាននាក់ដែលក្រុមនេះមានតម្រូវការធំ ប៉ុន្តែលទ្ធភាពរបស់ពួកគាត់ចំពោះផ្ទះចាប់ពី ៣ ម៉ឺនឡើងទៅគឺពិបាកលក់ ប៉ុន្តែបើតម្លៃចាប់ពី ២ ទៅ ៣ ម៉ឺនដុល្លារគឺមានតម្រូវការធំ។
ឆ្នាំនេះមានការសាងសង់ច្រើនតែបានទទួលទឹកប្រាក់តិចតែឆ្នាំមុនសាងសង់តិចមានទំហំទឹកប្រាក់ធំ ដោយសារតម្លៃផ្ទះខ្ពស់។
តើតម្លៃដីធ្លីមានការវិវត្តយ៉ាងដូចម្តេច? មានតម្រូវការកើនឡើងឬទេ?
ដីធ្លីបើនិយាយពីកណ្តាលក្រុងពិបាករកហើយព្រោះដីដែលនៅសល់សុទ្ធតែដីមិនមែនជាដីរបស់ម្ចាស់ដើមដែលខុសពី ៥ ឆ្នាំមុនដីមានម្ចាស់ដើមច្រើនដូចជាសង្កាត់បឹងកេងកង ១ ម្ចាស់ដីសុទ្ធតែអ្នកមានប្រាក់ច្រើនដូច្នេះដីនៅតំបន់បឹងកេងកង ១ គ្មានថ្ងៃណានឹងចុះថ្លៃនោះទេ។
កាលពីឆ្នាំមុនខ្ញុំគិតថាតម្លៃដីធ្លីនឹងធ្លាក់ចុះពេលបោះឆ្នោតជិតចូលមកដល់ ប៉ុន្តែឆ្នាំនេះមានរឿងចម្លែកមួយនៅពេលជិតដល់បោះឆ្នោតតម្លៃដីធ្លីបែរជាឡើងថ្លៃទៅវិញដោយសារការចូលមករបស់ក្រុមហ៊ុនបរទេសច្រើនជាពិសេសក្រុមហ៊ុនចិន។
ដីឥឡូវនេះមិនចុះថ្លៃទេព្រោះម្នាក់ៗគិតថាពេលបោះឆ្នោតដីធ្លីនឹងធ្លាក់ថ្លៃពួកគេនឹងមកទិញដល់ពេលម្នាក់ៗគិតបែបនេះ និងនាំគ្នាទិញច្រើនបានធ្វើឲ្យតម្លៃដីធ្លីឡើងថ្លៃ។
តើលោករំពឹងថានឹងមានគម្រោងថ្មីៗកើតឡើងច្រើនឬទេនៅក្នុងឆ្នាំនេះ?
លិចកើត ជើងត្បូង នាតំបន់ជាយក្រុងគម្រោងលំនៅឋានកើតច្រើនមែនទែន ពិសេសគម្រោងសម្រាប់អ្នកមានប្រាក់ចំណូលទាប។ កណ្តាលក្រុងមានការសាងសង់ច្រើនហើយដូច្នេះការសាងសង់កណ្តាលក្រុងនឹងមិនមានច្រើននោះទេ។
ការលក់ខុនដូ និងលំនៅឋានបានធ្លាក់ចុះ តើពិតមែនឬទេ?
ពិតមែន ឬមិនមែនវាអាស្រ័យលើការលក់របស់គាត់អ្វីដែលខ្ញុំមើលឃើញនៅឆ្នាំ ២០១៣, ២០១៤ អ្នកសាងសង់ខុនដូលក់ទទួលបានប្រាក់ចំណេញពីរទៅបីដង ប៉ុន្តែនៅឆ្នាំ ២០១៧ ការលក់ខុនដូធ្លាក់ចុះ ឬមិនធ្លាក់ អ្នកសាងសង់នៅតែមិនខាតដដែលព្រោះពួកគេនៅតែចំណេញគ្រាន់តែចំណេញតិចជាងមុន។
កាលពី ៥ ឆ្នាំមុនលក់ខុនដូមួយចំណេញមួយគុណនឹងបី ពីរឆ្នាំមុនចំណេញមួយគុណនឹងពីរ ឥឡូវហោចណាស់ក៏ចំណេញ ៥០ ភាគរយដែរដូច្នេះនៅពេលការសាងសង់កាន់តែច្រើនអ្នកសាងសង់ខុនដូនៅតែចំណេញតែចំណេញតិចជាងមុនដោយសារការប្រកួតប្រជែងកើនឡើង គុណភាពសំណង់នឹងកើនឡើងដែរ។
តម្លៃលំនៅឋាននៅតែកើនឡើងទោះបីសម្ភារសំណង់ធ្លាក់ចុះតម្រូវការថយចុះ តើមកពីមូលហេតុអ្វី?
តម្លៃលំនៅឋានធម្មតាពេលម្ចាស់បុរីទិញដីថ្លៃសម្ភារសំណង់ថ្លៃ កម្លាំងពលកម្មថ្លៃគាត់លក់ថ្លៃតែបើសម្ភារសំណង់ថោក តម្លៃដីថោកគាត់នឹងលក់ថោក។ ការឡើងថ្លៃលំនៅឋានមកពីកត្តាជាច្រើន ហើយក៏មានជាប់ពាក់ព័ន្ធនឹងការបង់ពន្ធដែរ។
ដំណាក់កាលនេះប្រជាជន និងអ្នកវិនិយោគមួយចំនួនមានការព្រួយបារម្ភ តើអ្វីទៅជាការគួរឲ្យបារម្ភ និងអ្វីមិនគួរឲ្យបារម្ភ?
អ្នកបារម្ភ បើប្លង់ដី ប្លង់ផ្ទះគាត់ជាប់នៅធនាគារ ការបារម្ភរបស់គាត់ជារឿងត្រឹមត្រូវហើយព្រោះធនាគារនឹងច្របាច់កគាត់យកលុយ។ ផ្ទុយទៅវិញអ្នកមិនមានជំពាក់ប្រាក់ធនាគារ មិនមានអ្វីគួរឲ្យបារម្ភទេ។ ក្នុងអំឡុងពេលនេះមានក្រុមមួយទៀតនឹងចាំទិញយក បើអ្នកលក់អចលនទ្រព្យលក់ក្នុងតម្លៃទាប។
តើក្នុងអំឡុងពេលនេះអ្នកវិនិយោគគួរតែសាងសង់អគារថ្មីៗឬទេ?
ក្នុងរយៈពេលនេះបើអ្នកមានលុយគ្រប់គ្រាន់ មិនរំពឹងលើការលក់យកប្រាក់មកសាងសង់គួរតែសាងសង់ព្រោះកាលពី ៥ ឆ្នាំមុនអ្នកសាងសង់ពឹងលើការយកប្រាក់ពីអ្នកទិញមកសាងសង់ ប៉ុន្តែនិន្នាការឥឡូវបានផ្លាស់ប្តូរមានន័យថាឥឡូវអ្នកសាងសង់ចង់យកប្រាក់ពីអ្នកទិញយកទៅសាងសង់ជាការហួសពេលហើយ។
ពេលនេះជាពេលគួរសាងសង់ បើមានលុយគ្រប់តែបើចាំយកប្រាក់ពីអ្នកទិញយកមកសាងសង់គម្រោងនោះមិនដើរនោះទេ។ គម្រោងនោះនឹងបរាជ័យ។
ផ្ទុយទៅវិញបើមានប្រាក់គ្រប់គ្រាន់យកមកសាងសង់គម្រោងនោះនឹងទទួលបានជោគជ័យព្រោះឥឡូវនេះកម្លាំងពលកម្មធ្លាក់ចុះ សម្ភារសំណង់ធ្លាក់ចុះ ដូច្នេះតម្លៃដើមនៃសំណង់របស់ពួកគាត់នឹងមានតម្លៃទាបដែលជាពេលល្អមួយសម្រាប់អ្នកសាងសង់មានធនធានគ្រប់គ្រាន់។ ក្នុងស្ថានភាពនេះការលក់នៅតែលក់បានគ្រាន់តែប្រាក់ចំណេញធ្លាក់ចុះ៕
ប្រភព៖ ប៉ុស្តិ៍ខ្មែរ
Post a Comment