គំរូប្លង់ថ្មីនៃសំណង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនៅមិនទាន់ប្រកាសផ្លូវការ
បច្ចុប្បន្ននេះតំបន់ជ្រោយចង្វារបានក្លាយជាតំបន់មួយមានភាពរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់ទីផ្សារអចលទ្រព្យនៃតំបន់ជាយក្រុងភ្នំពេញ។ ក្នុងនោះដែរ ការផ្លាស់ប្តូរទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងត្រូវចាប់ផ្តើមសាងសង់នៅតំបន់នោះ ដែលជាទីតាំងមួយអាចទទួលខ្យល់អាកាសបរិសុទ្ធមានភាពធំទូលាយ និងស្ថានភាពចរាចរណ៍ប្រសើរជាងតំបន់កណ្តាលរាជធានីភ្នំពេញ។
តាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ លោក ថៃ នរសត្យា បានឲ្យដឹងថា គំរូប្លង់ថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឬសាលារចនាថ្មី មិនទាន់បានប្រកាស ឬមានការផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ដោយយើងមិនអាចលម្អិតបាននៅឡើយ ជាគោលការណ៍ ទាល់តែពួកយើងមានការប្រជុំ ដើម្បីយើងគ្រោងរចនាតាមរបៀបសម័យទំនើបផងបូករួមសម័យបុរាណផង។
ប៉ុន្តែតាមរយៈលទ្ធផលការប្រជុំរវាងក្រសួង និងអ្នកបច្ទេកទេស ដែលពាក់ព័ន្ធ លោកអាចបង្ហើបពីរូបរាងរបស់អនាគតសាកលវិទ្យាល័យនេះថា ជាទូទៅ មើលពីរូបភាពខាងក្រៅនៃសំណង់ គឺត្រូវឲ្យឃើញជារចនាប័ទ្មខ្មែរ ហើយអ្វីដែលនៅខាងក្នុងនោះគឺចាំបាច់ត្រូវតែវិវត្តទៅតាមស្ថានភាពបច្ចុប្បន្ន ដែលមានការរចនាថ្មីដែលស័ក្តិសមទៅនឹងស្តង់ ដាររបស់សាកលវិទ្យាល័យនានានៅលើពិភពលោក និងបណ្តាប្រទេសរីកចម្រើនមួយចំនួន។
លោកបានមានប្រសាសន៍បន្តថា ៖ «ខ្ញុំមិនទាន់ច្បាស់មួយរយភាគរយទេ តែសាកលវិទ្យាល័យថ្មីនេះនឹងមានការសាងសង់ចាប់ពីពីរទៅបីអគារឡើងលើ មិនអាចតែមួយអគារនោះទេ ហើយអគារនីមួយៗនឹងសាងសង់ច្រើនជាងបីជាន់តាមអ្វីដែលខ្ញុំធ្លាប់បានមើលគម្រោងប្លង់។ ពីព្រោះត្រូវគិតទាំងអំពីលំហ បរិយាកាសខ្យល់ចេញចូល ហើយយើងត្រូវធ្វើការគិតឲ្យបានដិតដល់លើបញ្ហាទាំងនេះ»។
លោកបានបន្ថែមថា តាមការប្រជុំ និងសំណូមពររបស់អ្នកពាក់ព័ន្ធមួយចំនួនចង់ឲ្យការរចនាសាកលវិទ្យាល័យថ្មីនេះមើលទៅមានរចនាប័ទ្មខ្មែរពីខាងក្រៅអគារទាំងអស់ ប៉ុន្តែការរចនាផ្នែកខាង ក្នុងនឹងរចនាតាមការវិវត្តថ្មី។
សម្រាប់ទីតាំងដែលនឹងត្រូវប្រើប្រាស់ជាទីតាំងថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នឹងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង ៤ ហិកតា។
លោក សត្យា បានប្រាប់ថា ៖ «តាមរយៈសំណង់អគារថ្មីនីមួយៗនេះនឹងអាចឈានដល់រាប់ឆ្នាំ ប៉ុន្តែពួកយើងនៅមិនទាន់អាចជម្រាបថារយៈពេលប៉ុន្មានឆ្នាំនឹងអាចបញ្ចប់ការសាងសង់នេះបានទេ»។
លោកបានពន្យល់ថា នៅក្នុងគម្រោងប្លង់និយាយឲ្យចំទៅ បើគិតពីការរចនាប្លង់ គឺមានទាំងអស់គឺមានទាំងសួនច្បារ ចំណតលើដី និងចំណតក្រោមដី ផ្លូវចេញចូលដែលមានភាពធំទូលំទូលាយពេលប្រារព្ធកម្មវិធីផ្សេង។ ក្រៅពីមហាវិទ្យាល័យទាំងប្រាំ ដែលយើងមានដូចជា មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យស្ថាបត្យកម្ម និងមហាវិទ្យាល័យតូរ្យតន្ត្រី យើងនឹងមានទីលានកីឡា បណ្ណាល័យសម្រាប់សាកលវិទ្យាល័យ រោងមហោស្រពសម្រាប់ការសម្តែង កន្លែងសិស្សានុសិស្សអង្គុយលេង និងអគារផ្សេងទៀតដែលពាក់ព័ន្ធនៅក្នុងគម្រោងប្លង់ថ្មី។
តាមការគ្រោងទុក គឺនឹងត្រូវចំណាយថរិកាអាចច្រើនជាង ១២ លានដុល្លារ សម្រាប់គម្រោងសាងសង់នេះ។ ប៉ុន្តែបើតាមការសម្រេចរបស់ប្រមុខរដ្ឋាភិបាល លោកបានមានប្រសាសន៍ថា បើកាលណាយើងរង់ចាំចេញដំណើរព្រមគ្នាយើងអាចជួបបញ្ហាខ្វះខាត។ ប៉ុន្តែស្របពេលដែលយើងមាន ១២ លានដុល្លារ នៅក្នុងដៃគឺយើងធ្វើការសាងសង់ក្នុងថវិកានេះ ហើយយើងនឹងព្យាយាមរកថវិកាដើម្បីបំពេញគម្រោងនេះឲ្យចប់ជាស្ថាពរ។
តាមខ្ញុំដឹង គឺជនជាតិខ្មែរ ដែលជាស្ថាបត្យករ នៅក្នុងគម្រោងសាងសង់សាកលវិទ្យាល័យនេះ ប៉ុន្តែពួកគាត់មានការសហប្រតិបតិ្តការជាមួយនឹងក្រុមអ្នកបច្ទេកទេសណាមួយជាមួយដៃគូរបស់គាត់ ដើម្បីធ្វើយ៉ាងណាឲ្យសាកលវិទ្យាល័យវិចិត្រសិល្បៈថ្មីនេះកាន់តែល្អឥតខ្ទោះ។
និយាយតាមពិតទៅ នៅក្នុងស្ថានភាពមួយដែលមិនមានអ្វីលើសពីហ្នឹង យើងបានប្រើប្រាស់សាលារចនាចាស់ឲ្យអស់ពីលទ្ធភាពដោយបំបែកបានទៅជាប្រាំមហាវិទ្យាល័យ ទោះបីជាបរិយាកាស និងសំណង់មិនទាន់គ្រប់គ្រាន់ តែយើងចាំបាច់ត្រូវដោះស្រាយការរៀនសូត្ររបស់សិស្ស និងការវិវត្តរបស់សាលា។
អ៊ីចឹងកន្លែងចាស់ពិតជាបានផ្តល់នូវអនុស្សាវរីយ៍ និងសេចក្តីស្រឡាញ់ ប៉ុន្តែដោយសារតែតម្រូវការត្រូវតែបំពាក់សាកលវិទ្យាល័យវប្បធម៌មួយឲ្យសមនឹងប្រទេសបេតិកភណ្ឌ និងពង្រើកទំហំសារមន្ទីរ ដែលសម្បូរហូរ ហៀរទៅដោយធនធានប្រវត្តិសាស្ត្រ តែខ្វះកន្លែងតាំងបង្ហាញ។
លោកបានបង្ហាញការជឿជាក់ថា ៖ «គោលការណ៍វាយកម្ទេចចោលមិនមានទេ និយាយឲ្យចំសំណង់ទាំងអស់នៅក្នុងសាកលវិទ្យាល័យចាត់ទុកជាសំណង់បេតិកភណ្ឌ លើកលែងតែសំណង់ដែលមិនមែនជាសំណង់បេតិកភណ្ឌដើម្បីសម្រួលបរិយាកាសនៅពេលពង្រីកសារមន្ទីរ និងសោភ័ណភាព។
លោកបានប្រាប់ថា ក្នុងទំហំដី ១ ហិកតា របស់សាលារចនាអគារចាស់ៗដែលសាងសង់ក្នុងសាលារចនា រាប់រយឆ្នាំមកហើយ វាគឺជាអគារសុទ្ធសឹងតែជារចនាប័ទ្មខ្មែរ លើកលែងតែអគារថ្មីៗមួយចំនួនដែលទើបសាងសង់ដើម្បីបំពេញបន្ថែមនោះមិនមែនជារចនាប័ទ្មខ្មែរសុទ្ធទេ ដោយវាមានភាពចម្រុះចូលគ្នាទៅតាមបច្ចេកទេស គតិបណ្ឌិតរបស់អ្នកសាងសង់ដែលភ្ជាប់ជាមួយនឹងសំណង់ចាស់។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឲ្យដឹងថា គម្រោងនឹងត្រូវចាប់ផ្តើមដំណើរការសាងសង់នៅអំឡុងខែមេសាខាងមុខហើយការសាងសង់នឹងត្រូវសាងសង់ដោយក្រុមបច្ទេកទេសជនជាតិខ្មែរ ដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ។ ប៉ុន្តែដោយសារលោកមានបេសកកម្មនៅតាមខេត្ត មិនអាចផ្តល់បទសម្ភាសលម្អិតពីគម្រោងសាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទេ។
លោក នរសត្យា បានបន្តថា ៖ «ខ្ញុំមិនមានអ្វីជាអាថ៌កំបាំងសម្រាប់គោលការណ៍ប្លង់សំណង់នេះឡើយ ប៉ុន្តែខ្ញុំមិនទាន់មានប្លង់នៅក្នុងដៃនៅឡើយ បន្ទាប់ពីការប្រជុំលើគម្រោងប្លង់សាកលវិទ្យាល័យថ្មីនេះកាលពីប៉ុន្មានខែមុននេះ។ កិច្ទការនេះជាកិច្ទការរបស់ថ្នាក់ដឹកនាំស្ថាប័នកម្រិតក្រសួង និងអ្នកបច្ទេកទេសពាក់ព័ន្ធមួយចំនួនជាពិសេសគឺត្រូវបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ដែលមិនទាន់ធ្វើការផ្សព្វផ្សាយជាសាធារណៈនោះទេ។
លោកនៅតែមិនអាចបញ្ជាក់ច្បាស់បានថា គម្រោងសាងសង់នឹងអាចប្រព្រឹត្តនៅពេលណាជាក់លាក់នោះទេ ប៉ុន្តែវាអាចនឹងសាងសង់ក្នុងពេលឆាប់ៗនេះដោយក្រសួងបានចុះធ្វើការសែនព្រេន និងក្រុងពាលីបន្តិចបន្តួច ដើម្បីសុំទឹកសុំដី តែពុំទាន់ជាកម្មវិធីផ្លូវការនៅឡើយទេ។
លោកបានបន្ថែមថា ៖ «រាល់ថ្ងៃនិយាយឲ្យចំទៅ យើងជាធម្មតាមានបញ្ហាផ្សេងៗទាក់ទងនឹងអាយុកាល អនុស្សាវរីយ៍ ប៉ុន្តែស្ថានភាពរបស់សាកលវិទ្យាល័យយ៉ាងណា។ ខ្ញុំតែងគិតពីបញ្ហានេះដូចសាធារណជនដែរ ប៉ុន្តែពេលនេះក្នុងនាមជាមន្ត្រីមួយរូបរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងក្នុងនាមជាអ្នកនាំពាក្យមួយរូប សូមប្រកាសជាសាធារណៈថា សូមឲ្យសាធារណជនដូចជាយុវសិស្ស ក៏ដូចជាថ្នាក់ដឹកនាំសាលាគ្រប់រចនាសម្ព័ន្ធមានការត្រជាក់ចិត្ត និងជឿជាក់ថា វាមិនមែនជាការដោះដូរដើម្បីផលចំណេញណាមួយដែលកើតមានដូចការចោទប្រកាន់នោះទេ។
អ្នកនាំពាក្យរូបនេះនៅតែបង្ហាញពីឆន្ទៈរបស់ក្រសួងថា ៖ «យើងធ្វើដើម្បីសិល្បៈវប្បធម៌ជាតិ កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ជាតិ ពីព្រោះយើងចង់ពង្រីកឲ្យវិសាលភាពនៃសារមន្ទីររបស់យើងដើម្បីការចាប់អារម្មណ៍ពីពិភពលោក ហើយយើងចង់បញ្ជាក់ទៀតថា យើងពង្រីកវិសាលភាពនេះដោយរក្សាទុកនូវសំណង់ដើម។
នាយកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលោក បុង សុវត្ថិ បានណែនាំប៉ុស្តិ៍អចលទ្រព្យឲ្យទៅសួរព័ត៌មាននៅក្រសួងវប្បធម៌ ដោយព័ត៌មានទាំងអស់ជាច្រកចេញចូលតែមួយ។
លោក តាំង សុវិចិត្រវិទូ ជាសាស្ត្រចារ្យផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាស្ថាបត្យករម្នាក់នៃគម្រោងសាងសង់សាកលវិទ្យាល័យថ្មីបានប្រាប់ឲ្យដឹងថា លោកមិនទាន់អាចរៀបរាប់ពីសេចក្តីលម្អិតនៃគម្រោងនេះបាននៅឡើយទេ ដោយរង់ចាំការព្រមព្រៀងសម្រេចពីក្រសួង។
កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៧ កន្លងថ្មីៗនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងទិវាវប្បធម៌ជាតិលើកទី ១៩ បានលើកឡើងពីគម្រោងផ្លាស់ប្តូរទីតាំងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានទីតាំងនៅជាប់សារមន្ទីរជាតិកម្ពុជា នៅក្នុងខណ្ឌដូនពេញ ទៅទីតាំងថ្មីនៃតំបន់ជ្រោយចង្វារ ក្រោមគម្រោងថវិកានឹងចំណាយប្រមាណ ១២ លានដុល្លារ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៣ ដល់ ២៥ ខែមីនា ឆ្នាំ ២០១៧នេះ សាលារចនាទើបតែបញ្ចប់ពិធីរៀបចំប្រារព្ធខួប ១០០ ឆ្នាំ និងការតាំងពិព័រណ៌ការសិក្សា ដែលបានដាក់បង្ហាញដល់សិស្សនិស្សិតពីជំនាញនៃមហាវិទ្យាល័យទាំងប្រាំរបស់ខ្លួន៕
ប្រភព៖ ប៉ុស្តិ៍ខ្មែរ
Post a Comment