អ្នកអភិវឌ្ឍន៍ខុនដូប្រណីត សម្រាប់ទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ ប្រាប់ថា «នៅតែមានហាងឆេងល្អ»
ខណៈពេលដែលកម្រិតពពុះនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា កំពុងលេចចេញជាសញ្ញាពុំសូវល្អខ្លះៗនោះលោកឧកញ៉ា សៀ រិទ្ធី ជាសហម្ចាស់គម្រោងអភិវឌ្ឍន៍ខុនដូប្រណីត នៅរាជធានីភ្នំពេញ បានបង្ហាញភាពវិជ្ជមាននៅក្នុងទីផ្សារកម្រិតខ្ពស់ថា មានអតិថិជនកក់ និងទិញជាធម្មតាជាប្រចាំក្នុងអំឡុងត្រីមាសទី១ ដើមឆ្នាំនេះ។ ខាងក្រោមនេះគឺជាបទសម្ភាសដាច់ដោយឡែករវាងលោកឧកញ៉ា សៀ រិទ្ធី ជាមួយលោក មឿន ញាណ ការីនិពន្ធ ប៉ុស្តិ៍អចលនទ្រព្យ កាលពីរសៀលថ្ងៃអង្គារនាដើមសប្តាហ៍នេះ។
រហូតមកដល់ដំណាក់កាលស្ទើរតែឆ្លងផុតត្រីមាសទី១ ឆ្នាំ២០១៧នេះ នៅតែមានលេចឮការរអ៊ូរទាំខ្លះៗថា ដំណើរការលក់ផ្ទះសម្បែងជាទូទៅមានសភាពទ្រឹង ឬក៏ថមថយបរិមាណលក់ចេញបានតិចជាងកាលពីរយៈពេលដូចគ្នាធៀបទៅនឹងឆ្នាំមុន។ តើលោកឧកញ៉ាយល់ឃើញយ៉ាងណាដែរចំពោះស្ថានភាពបែបនេះ?
ជាទូទៅបើនិយាយអំពីទីផ្សារអចលនទ្រព្យ យើងគួរតែបែងចែក ឬញែកវាជាពីរឲ្យដាច់ពីគ្នា។ គឺមួយជាគម្រោងសម្រាប់ទីផ្សារក្នុងស្រុក និងមួយទៀតគឺជាគម្រោងសម្រាប់ទីផ្សារសម្រាប់អ្នកក្រៅប្រទេស។
ចំពោះទីផ្សារក្នុងស្រុកទៀតសោតយើងក៏ត្រូវតែញែកជាពីរផងដែរ ១-គឺទីផ្សារកម្រិតមធ្យមទៅកម្រិតទាបជាងមធ្យម ដែលផ្តោតទៅលើអតិថិជនលោកមានប្រាក់ចំណូលលើសពីកម្រិតមធ្យមបន្តិច និងចុះដល់អ្នកមានប្រាក់ចំណូលទាបជាងមធ្យម។ និង ២- គឺទីផ្សារកម្រិតខ្ពស់ គឺសំដៅលើអចលនទ្រព្យជាខុនដូល្អប្រណីតៗមានតម្លៃខ្ពស់ ហើយវាគឺជាគោលដៅទីផ្សារអតិថិជនដែលពួកលោកមានកម្រិតជីវភាពធូរធាតែម្តង។
ដោយឡែកចំពោះក្រុមហ៊ុន BridgeLand របស់លោកឧកញ៉ា តើមានការប្រឈមអ្វីខ្លះដែរឬប្រែប្រួលអ្វីខ្លះទេ?
ចំពោះការវិនិយោគនៅក្នុងគម្រោង The Bridge និង The Peak នៃក្រុមហ៊ុន BridgeLand របស់យើង ដែលជាគម្រោងសំដៅទៅលើទីផ្សារកម្រិតខ្ពស់ គឺសម្រាប់អតិថិជនលោកមានជីវភាពធូរធា ដូច្នេះយើងពុំមានជួបបញ្ហាធ្លាក់ចុះនៃចំនួនលក់ចេញនោះទេនៅក្នុងអំឡុងពេល ៣ខែដើមឆ្នាំ២០១៧នេះ។ យើងដំណើរការលក់បានជាធម្មតា និងនៅតែមានចំណាប់អារម្មណ៍ខ្ពស់។
និយាយឲ្យខ្លីទៅ គម្រោងរបស់ BridgeLand នៅតែជាទីចាប់អារម្មណ៍ខ្ពស់ពីអតិថិជន ព្រោះយើងបានផ្ចិតផ្ចង់គម្រោងរបស់យើងសម្រាប់ទីផ្សារកម្រិតខ្ពស់ក្នុងស្រុក ជាពិសេសសម្រាប់អតិថិជនដែលលោកមានកម្រិតជីវភាពធូរធា។
ម្យ៉ាងទៀតដោយសារគម្រោងទី១ របស់យើង គឺ The Bridge បានសាងសង់រួចរាល់តាមកាលកំណត់ត្រឹមត្រូវផងដូច្នេះទំនងជាអតិថិជនលោកកាន់តែមានទំនុកចិត្តខ្ពស់ចំពោះក្រុមហ៊ុនរបស់យើងបន្ថែមលើសពីនេះទៀត គម្រោងរបស់យើងដែលមានរូបខ្ញុំបាទផ្ទាល់ធ្វើការសហការវិនិយោគជាមួយដៃគូមកពីសិង្ហបុរី និងគម្រោងរបស់យើងក៏ស្ថិតនៅលើទីតាំងល្អ។
ខណៈពេលដែលការបោះឆ្នោតឃុំ-សង្កាត់ បានកាន់តែខិតជិតមកដល់ តើលោកឧកញ៉ា អាចប្រមើលឃើញអំពីទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងវិវត្តទៅជាយ៉ាងណា?
នឹងពុំមានបញ្ហាអ្វីទេ! ទីផ្សារអចលនទ្រព្យវាបន្តដំណើរការដោយភាពវិជ្ជមានទៅមុខជានិច្ច ព្រោះនេះគ្រាន់តែជាការបោះឆ្នោតនៅថ្នាក់ក្រោមជាតិតែប៉ុណ្ណោះ វាអត់មានអ្វីប្រែប្រួលប្លែកនោះទេ។
បើយើងពិនិត្យទៅលើគម្រោងវិនិយោគផ្នែកអចលនទ្រព្យធំៗ គឺចាប់ពីទំហំទឹកប្រាក់លើសពីរយលានឡើងទៅនៅកម្ពុជា គឺមានប្រមាណ៦០ភាគរយ ជាការវិនិយោគមកពីបរទេស ជាពិសេសមកពីចិនតែម្តង ហើយភាគច្រើននៃគម្រោងរបស់ពួកគាត់ទាំងនោះ គឺគាត់បានសិក្សាទីផ្សារយ៉ាងច្បាស់លាស់ និងកំណត់គោលដៅរបស់ខ្លួនរួចទៅហើយ ពួកគាត់ក៏មានទាំងអតិថិជនមកពីបរទេសនៅក្នុងដៃសឹងតែគ្រប់តម្រូវការតែម្តង។
ឧទាហរណ៍ គ្រាន់តែទីផ្សារសម្រាប់អ្នកជំនួញខ្លះៗពីប្រទេសចិនតែមួយខេត្តតែប៉ុណ្ណោះគឺគម្រោងទាំងអស់នៅកម្ពុជាយើងមិនអាចឆ្លើយតបបានផង។ ដូច្នេះគម្រោងអភិវឌ្ឍន៍ទាំងនេះកាន់តែពុំមានអ្វីគួរឲ្យបារម្ភនោះទេ។
បើពិនិត្យលើដំណើរការអភិវឌ្ឍផ្នែកគម្រោងសាងសង់នីមួយៗ វាត្រូវការរយៈពេល ៣ទៅ៥ឆ្នាំ ទើបយើងអាចបញ្ចប់គម្រោងនីមួយៗបាន។ ការសាងសង់វាបានចាប់ផ្តើមជាច្រើនឆ្នាំមកហើយ ដូច្នេះសភាពរង្វើលបន្តិចនៃការសម្រុកនៅតាមការដ្ឋានសាងសង់ ដោយស្ទួននឹងវដ្តនៃការបោះឆ្នោតឃុំ-សង្កាត់ផងនេះ វាពុំចោទជាបញ្ហាឡើយ។ ម្យ៉ាងទៀតអ្នកវិនិយោគក៏គួរតែអាចយល់ដឹងអំពីការបែងចែកការអភិវឌ្ឍ (category of development according to the markets) របស់ខ្លួនឲ្យស្របទៅតាមទីផ្សារដែរ។
ទន្ទឹមនឹងគម្រោងជាច្រើនដែលមាននៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះស្រាប់ តើលោកឧកញ៉ាមានបានដឹងពីតម្រុយអំពីគម្រោងវិនិយោគទុនថ្មីៗណាអាចនឹងហក់ចូលមកក្នុងទីផ្សារកម្ពុជាយើងនាអំឡុងពេលនេះទៀតឬទេ?
ក្នុងត្រីមាសទី១នាដើមឆ្នាំនេះ បើក្រឡេកមើលឲ្យឆ្ងាយផុតពីទីក្រុងភ្នំពេញយើងឃើញមានគម្រោងវិនិយោគថ្មីៗពីរបីគម្រោង គេបានចាប់ផ្តើមបើកគម្រោងរបស់ខ្លួននៅឯក្រុងព្រះសីហនុ ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាយើងរួចជាស្រេចទៅហើយ។
ក្រុមអ្នកវិនិយោគទុនបរទេសគេមានបទពិសោធច្រើន ជាពិសេសពាណិជ្ជករចិន ពួកគាត់ឆ្លាតណាស់។ ពួកគេដឹងថា អតិថិជនរបស់ខ្លួនមានលំនៅឋានប្រណីតនៅក្នុងទីក្រុងរួចទៅហើយដូច្នេះដើម្បីបានប្រយោជន៍កាន់តែច្រើនផង និងផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងនោះផង ក្រុមអ្នកវិនិយោគត្រូវតែបង្កើតគម្រោងថ្មីៗនៅតាមតំបន់លំហែកាយសម្រាប់ផ្គាប់ចិត្តអតិថិជនរបស់ខ្លួន នោះហើយដែលក្រុងព្រះសីហនុ នឹងក្លាយជាគោលដៅនៃទីផ្សារអចលនទ្រព្យគួរឲ្យទាក់ទាញនៅតំបន់ឆ្នេរកម្ពុជា!
ទន្ទឹមនឹងនេះរដ្ឋាភិបាលក៏បាននិងកំពុងត្រួសត្រាយបង្ហាញផ្លូវដល់ក្រុមវិនិយោគិន តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹក ភ្លើង និងបណ្តាញទំនាក់ទំនងផ្សេងៗទៀតទៅកាន់តំបន់សំខាន់ ដែលកត្តាទាំងនោះហើយបានធ្វើឲ្យមានចំណាប់អារម្មណ៍ខ្ពស់ពីអ្នកវិនិយោគទុន។
ជាទូទៅនៅក្នុងឆ្នាំ២០១៧នេះ តើលោកយល់យ៉ាងណាអំពីស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា?
ស្ថានភាពទីផ្សារអចលនទ្រព្យរបស់កម្ពុជាយើងកំពុងធ្វើវិវត្តទៅមុខជាវិជ្ជមាន។ ដូចខ្ញុំបានបញ្ជាក់ពីខាងដើមហើយថា ដំណើរការ ឬវដ្តនៃការអភិវឌ្ឍគម្រោងសំណង់ធំៗអាចនឹងត្រូវការរយៈពេល៣-៥ឆ្នាំ ដូច្នេះបើគិតពីរយៈពេលវែងបន្តិចនោះ កម្ពុជាយើងកំពុងមានចរន្តនិរន្តរភាពនៅក្នុងទីផ្សារអចលនទ្រព្យរបស់ខ្លួន។
តាមអ្វីដែលខ្ញុំដឹង នៅអំឡុងត្រីមាសទី២ ខាងមុខនេះ នឹងមានគម្រោងវិនិយោគធំៗចំនួន៣ដែលមានទឹកប្រាក់រាប់រយលានដុល្លារឡើងទៅ គម្រោងទាំងនេះនឹងចាប់ផ្តើមហក់ចូលទៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាបន្ថែមទៀត។ ខ្ញុំគ្រាន់តែបង្ហើបថា គម្រោងទី១ មកពីហុងកុង ទី២ មកពីចិន (ចិនតៃវ៉ាន់) និងទី៣ ជាគម្រោងចម្រុះចិន និងម៉ាឡេស៊ី។ គម្រោងពីរក្នុងចំណោមនេះ ក៏មានវិនិយោគិនក្នុងស្រុកចូលរួមផងដែរ៕
ប្រភព៖ ប៉ុស្តិ៍ខ្មែរ
Post a Comment