Header Ads

loading...
loading...

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​​អ្នក​ទន្ទឹង​រង់ចាំ​មើល​ការ​សាងសង់​អគារ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​




នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​​អ្នក​ទន្ទឹង​រង់ចាំ​មើល​ការ​សាងសង់​អគារ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​ដោយ​លោក​បាន​លើក​ឡើង​ពី​អនាគត​ក្រុង​ភ្នំពេញ​នឹង​មាន​អគារ​ចំនួន ១២៥ ​ជាន់ និង​មាន​កម្ពស់​​ ៥២០ ​ម៉ែត្រ​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​។

មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ភោធ​ផ្លូវ​ទំហំ ៦០ ​ម៉ែ្រត​ជា​ផ្លូវ​វែង និង​ធំ​ជាង​គេ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​ដាក់​ឈ្មោះ​របស់​លោក​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា​ការ​អភិវឌ្ឍ​មាន​ភាព​ស៊ីជម្រៅ​ដែល​កាល​ពី​មុន​ដី​នៅ​ទីក្រុង​ភ្នំពេញ និង​ជាយ​ក្រុង​ភ្នំពេញ​ក្នុង​មួយ​គីឡូម៉ែត្រ​មាន​សំណង់​ត្រឹម​តែ​ ៣ ឬ​ ៥ ​ពាន់​ម៉ែត្រការ៉េ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ដី​មួយ​ហិកតា​អាច​មាន​​សំណង់​រហូត​ដល់ ៥ ​ម៉ឺន​ ឬ​​ ១០ ​​​ម៉ឺន​ម៉ែត្រ​ការ៉េ​ក៏​អាច​ថា​បាន។

លោក​បាន​បន្ត​ថា​៖ «​ពី​មុន​នៅ​ទីក្រុង​ភ្នំពេញ​មាន​សំណង់​កម្ពស់​ត្រឹម ៣ ​ទៅ​ ៨ ​ជាន់​ឥឡូវ​មាន​សំណង់​រហូត​ដល់ ៤០ ​ឬ​ ៥០ ​ជាន់​ហើយ​គ្រោង​នៅ​ពេល​ខាង​មុខ​នេះ​មាន​អគារ​កម្ពស់ ១២៥ ​ជាន់​អាច​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​យើង​នេះ​ដោយ​មាន​កម្ពស់​រហូត​ដល់ ៥២០ ​ម៉ែត្រ​អ៊ីចឹង​យើង​អាច​នាំ​គ្នា​ឡើង​ទៅ​តេស្ត​មេឃ​» ​បាន​។

លោក​បន្ត​ថា​ទីក្រុង​ភ្នំពេញ​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ដែល​មាន​ទីក្រុង​រណប​យ៉ាង​រស់រវើក ហើយ​ទីក្រុង​រណប​នោះ​ហើយ​បាន​​បន្ថែម​ហេដ្ឋារចនាសម្ព័ន្ឋ​នានា​ទើប​អាច​ធ្វើឲ្យ​វា​ក្លាយ​ជា​ទីក្រុង​រណប​បាន​។

លោក​បាន​បន្ត​ថា​ប្រវត្តិ​ទីក្រុង​ភ្នំពេញ​មាន​ការ​​អភិវឌ្ឍ​ពិសេស​ក្នុង​ដំណាក់កាល​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ ឆ្នាំ​ ១៩៦០ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ប្រទេស​របស់​យើង​ដោយ​ទីក្រុង​នេះ​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ក្នុង​ដំណាក់កាល​ដែល​លោក​​រួម​ទាំង​សហការី បាន​និង​កំពុង​ដឹកនាំ​ប្រទេស​ហើយ​ពី​មុន​ទីក្រុង​នេះ​មាន​ផ្ទៃ​ដី​ជាង ៣០០ ​គីឡូម៉ែត្រការ៉េ ឥឡូវ​មាន​ផ្ទៃដី​ជិត​ ៧០០ ​គីឡូម៉ែត្រ​ការ៉េ។

លោក​បាន​បន្ត​ថា​៖ «​នេះ​ជា​ស្ថានភាព​ប្រែប្រួល​មួយ​ដ៏សំខាន់​ដែល​នាំ​មក​សម្រាប់​ទីក្រុង​ភ្នំពេញ​របស់​យើង​»​។



យោង​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​​ដំណាច់​ឆ្នាំ​ ២០១៦ កន្លង​មក​នេះ​ទីក្រុង​ភ្នំពេញ​មាន​សំណង់​អគារ​កម្ពស់ ៥ ​ជាន់​ដល់​ ៤៥ ​ជាន់​ជាង​ ៦០០ ​អគារ​។

លោក​សាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករ​មួយ​រូប​ដែល​បាន​ចូលរួម​គូ​អគារ​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​កែលម្អ​រចនាសម្ព័ន្ឋ​អគារ​ពាណិជ្ជកម្ម​នេះ បន្ទាប់ពី​មាន​ការ​ស្នើសុំ​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទើប​ការងារ​នេះ​ត្រូវ​ពន្យារ​ពេល​​សាងសង់​រហូត​មក​ទល់​ពេល​​នេះ​។

លោក​បន្ត​ថា​ការ​កែលម្អ​រចនាសម្ព័ន្ធ​របស់​អគារ​នេះ​នឹង​ខិត​គម្លាត ២៥ ​ម៉ែត្រ​ពីរ​បង​នៅ​​ទល់​មុខ​សណ្ឋាគារ និង​កាស៊ីណូណាហ្កា​។

លោក​បន្ត​ថា​៖ «​ប្រសិន​ជា​មិន​មាន​អ្វី​រាំង​ស្ទះ​ការ​សាងសង់​អគារ​ភ្លោះ​កប់​ពពក​នឹង​ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​ព្រោះ​ដែក និង​ការងារ​បច្ចេកទេស​គ្រឹះ​របស់​អគារ​នេះ​យើង​មាន​អស់​ហើយ​»​។ លោក​បន្ត​ថា​៖ «​ក្រុមហ៊ុន​ក៏​មាន​ថវិកា​នៅ​ក្នុង​ដៃ និង​ក្រុមហ៊ុន​សហការ​នៅ​តែ​បន្ត​ធ្វើការ​ជាមួយ​យើង​ដើម្បី​សាងសង់​អគារ​នេះ​»​។

លោក ទួស សាភឿន បាន​បន្ត​ថា​តាម​គម្រោង​អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ​នឹង​ចំណាយ​ទុនវិនិយោគ​សម្រាប់​សាងសង់​ចំនួន ២១០០ ​លាន​ដុល្លារ​អាមេរិក និង​ថវិកា ៣០០០ ​លាន​ដុល្លារ​ទៀត​នឹង​ទុក​ប្រើប្រាស់​សម្រាប់​រៀបចំ​អគារ​នេះ​ឲ្យ​អាច​ដំណើរការ​ប្រកប​ដោយ​ភាព​រស់រវើក​។ ការ​រៀបចំ​រចនា​ប្លង់​អគារ​នេះ​បាន​បញ្ចប់​ហើយ និង​កំពុង​រង់ចាំ​ការ​អនុម័ត​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ដើម្បី​ចាប់ផ្តើម​ការងារ​បន្ត​តែ​ប៉ុណ្ណោះ​។

តាម​គម្រោង​អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ​នឹង​ធ្វើការ​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd. និង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ាកាវ Sun Kian Ip Group​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ប្រសិន​ជា​នាយករដ្ឋមន្ត្រី​ប្រកាស​ពី​ការ​មាន​អគារ​នេះ​ច្បាស់​ជា​មាន​ការ​សាងសង់​ហើយ ហើយ​ក្នុង​នាម​ជា​ខ្មែរ​ម្នាក់​លោក​សប្បាយ​ចិត្ត​ដែល​មាន​អគារ​ខ្ពស់​បែប​នេះ​នៅ​ប្រទេស​កម្ពុជា​ហើយ​វា​ជា​អគារ​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​អាស៊ាន​។ លោក​រំពឹង​ថា​បន្ទាប់ពី​សាងសង់​ចប់​អគារ​នេះ​​នឹង​ដំណើរការ​ដោយ​រលូន សម្រាប់​ទីផ្សារ​នាពេល​អនាគត។

លោក​បន្ត​ថា​៖ «​ការ​មាន​វត្តមាន​របស់​អគារ​នេះ​វា​បង្ហាញ​ពី​មោទនភាព​ជាតិ​បង្ហាញពី​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បង្ហាញ​ពី​ស្ថិរភាព​នយោបាយ និង​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​ដែល​ពួកគេ​នឹង​មក​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​»​។

គម្រោង​នេះ​ក៏​ធ្លាប់​ទទួល​បាន​ការ​អនុម័ត​រួច​ហើយ​ពី​អតីតរដ្ឋមន្ត្រី​ក្រសួង​ដែនដី​លោក អ៊ឹម ឈុនលឹម ប៉ុន្តែ​ក្រោយ​មក​ក្រសួង​នេះ​បាន​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​ដោយ​មាន​លោក​ទេសរដ្ឋមន្ត្រី​ ជា សុផារ៉ា ជា​រដ្ឋមន្ត្រី គម្រោង​សាងសង់​អគារ​ត្រូវ​បាន​ផ្អាក​ដោយសារ​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​សម្រេច​ឲ្យ​គម្រោង​នេះ​បង្ខិត​អគារ​ចូល​ខាង​ក្នុង​ដើម្បី​កុំ​ឲ្យ​អគារ​នេះ​នៅ​កៀក​ផ្លូវ​ជាប់​សួនច្បារ​សម្តេច​តេជោ​ពេក។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ដោយ​ជំរុញ​ឲ្យ​សួរ​លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​នេះ​។

លោក សេង ឡូត មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រាប់​ប៉ុស្តិ៍​អចលនទ្រព្យ​កាលពី​ព្រឹក​ម្សិលមិញ​ថា​៖ «​ឥឡូវ​នេះ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​សម្រេច​​ឯកភាព​ទៅ​លើ​ការ​កែប្រែ​ប្លង់​មេ​របស់​អគារ​នេះ​រួច​ហើយ»៕

ប្រភព៖ ប៉ុស្តិ៍ខ្មែរ