Header Ads

loading...
loading...

សារ​ផ្ដាំផ្ញើ​ដល់​យុវវ័យ​ដែល​ចូលចិត្ត​បរិភោគ​អាហារ​ដែល​គ្មាន​សារប្រយោជន៍​ដល់​សុខភាព​

រឿង​ខ្លះ​ជា​រឿង​ចាំ​បាច់​ តែ​មិន​បន្ទាន់​ ធ្វើ​ឲ្យ​យើង​មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​ រហូត​ដល់​ថ្ងៃ​មួយ​ស្រាប់​តែ​យឺត​ពេល​ទៅ​ហើយ​ ៖ មាន​ពំនោល​មួយ​ថា​ “មនុស្ស​ឆ្លាតវៃ​លើ​រឿង​រាក់​ជ្រៅ​សព្វ​បែប​យ៉ាង​ តែ​បែរ​ជា​ល្ងង់​ខ្លៅ​អំពី​រឿង​ថែរក្សា​សុខភាព​” ។

សម្រាប់​ប្អូន​ៗ​ដែល​នៅ​ក្មេង​ៗ​ កំពុង​មាន​មហិច្ឆតា​ ភាគ​ច្រើន​ពិត​ជា​មិន​សូវ​ចាប់​អារម្មណ៍​មែន​ រួម​ទាំង​រូប​ខ្ញុំ​ផង​ដែរ​កាល​ពី​ក្មេង​។ ប៉ុន្តែ​នៅ​ពេល​ឆ្លង​បទ​ពិសោធន៍​ពេល​មាន​អាយុ​ច្រើន​ទើប​នឹក​ឃើញ​ស្ដាយ​ក្រោយ​ដែល​ថា​ ប្រសិន​បើ​ចេះ​ថែរក្សា​សុខភាព​តាំង​ពី​ក្មេង​ៗ​មក​ ពេល​ចាស់​ឡើង​ខ្ញុំ​ប្រាកដ​ជា​មាន​សុខភាព​មាំមួន​រឹង​ប៉ឹង​ជាង​នេះ​មិនខាន​។ តែ​ទោះ​ជា​យ៉ាងណា​ក៏​វា​មិនទាន់​ហួស​ពេល​ទាំងស្រុង​ដែរ​ឱ្យ​តែ​យើង​ឆាប់​ដឹង​ខ្លួន​ទទួល​ស្គាល់​ និង​ចាប់​ផ្ដើម​ប្រតិបត្តិ​តាម​គោលការណ៍​របប​អាហារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។


ខ្ញុំ​មិន​ចង់​បញ្ជាក់​អ្វី​ច្រើន​ទេ​អំពី​រឿង​ថែ​រក្សា​សុខភាព​ ព្រោះ​មាន​សៀវភៅ​ណែនាំ​រឿង​សុខភាព​ តាំង​ពី​របប​អាហារ​ ឬ​វិធី​ហាត់​ប្រាណ​ជាដើម​ តែ​ខ្ញុំ​គ្រាន់​តែ​សុំ​ជម្រាប​ជូន​បី​ចំណុច​ប៉ុណ្ណោះ​គឺ​ ៖

1/ អាហារ​ដែល​យើង​ទទួល​ទាន​មាន​ច្រើន​ប្រភេទ​ មាន​ដូចជា​

(ក) អាហារ​ធ្វើ​ឲ្យ​ឆ្ងាញ់​មាត់​

(ខ) អាហារ​សម្រាប់​ចម្អែត​ក្រពះ​ ​

(គ) អាហារ​មាន​គុណភាព​ដល់​សុខភាព​

អាហារ​ប្រភេទ​ (ក) និង​ (ខ) អាច​ជួយ​យើង​បាន​មួយ​ភាគ​ តែ​វា​អាច​ផ្ដល់​ទោស​ដល់​សុខភាព​ ដូចជា​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ ពេល​យើង​បរិភោគ​ជា​ប្រចាំ​ វា​នឹង​តោង​ជាប់​នៅ​តាម​សរសៃ​ឈាម​ ដែល​ពេល​ចាស់​ទៅ​អាច​ឱ្យ​យើង​ត្រូវ​ប្រឈម​នឹង​ជំងឺ​លើស​តង់ស្យុង​ ជំងឺ​បេះដូង​ និង​ការ​ដាច់​សរសៃ​ឈាម​។

ដូច្នេះ​ត្រូវ​តាំង​សតិ​ជាប់​ជានិច្ច​ថា​ តើ​អាហារ​ដែល​យើង​កំពុង​បរិភោគ​នេះ​មាន​គុណសម្បត្តិ​ដល់​សុខភាព​កម្រិត​ណា​?

2/ អាហារ​ដែល​ខ្លួន​យើង​ត្រូវ​ការ​ក្នុង​មួយ​ថ្ងៃ​ៗ​មាន​មិន​ច្រើន​ប៉ុន្មាន​ទេ​។ ឧទាហរណ៍​ បើ​ខ្លួន​យើង​ត្រូវ​ការ​ថាមពល​ ៣០០០​ កាឡូរី​ក្នុង​មួយ​ថ្ងៃ​ ទោះ​ជា​យើង​បរិភោគ​ច្រើន​រហូត​ដល់​ ៦០០០​ កាឡូរី​ យើង​នឹង​សល់​ ៣០០០​ កាឡូរី​ទាំង​ដែល​ខ្លួន​មិន​ត្រូវ​ការ​ ហើយ​ត្រូវ​បញ្ចេញ​ចោល​ដោយ​ឥត​ប្រយោជន៍​។

ប៉ុន្តែ​មាន​រឿង​សំខាន់​មួយ​ទៀត​ដែល​យើង​ដឹង​មិន​ដល់​ គឺ​ក្រពះ​របស់​យើង​ត្រូវ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ទ្វេដង​។ ក្រពះ​យើង​ជា​អវយវៈ​ដ៏​អស្ចារ្យ​បំផុត​ វា​បម្រើ​យើង​ដោយ​ពុំ​មាន​លក្ខខណ្ឌ​ ដោយ​ពុំ​មាន​ប្រកែក​ យើង​ដាក់​អ្វី​ទៅ​វា​ត្រូវ​តែ​កិន​កម្ទេច​ ទោះ​ជា​ត្រូវ​នឿយហត់​ខ្លាំង​ប៉ុនណា​ក៏​ដោយ​ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា​ បើ​យើង​បង្ខំ​ឱ្យ​វា​ធ្វើការ​បម្រើ​យើង​ហួស​កម្រិត​ វា​នឹង​ឆាប់​ទ្រុឌទ្រោម​ មិន​អាច​នៅ​បម្រើ​យើង​បាន​យូរ​សម​ទៅ​តាម​អាយុ​ឡើយ​។

ដូច្នេះ​តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​យើង​បង្ខំ​ឱ្យ​ក្រពះ​ធ្វើ​ការ​ច្រើន​ហួស​កម្រិត​ទាំង​មិន​ចាំ​បាច់​?

3/ ខ្ញុំ​តែង​និយាយ​ប្រាប់​ក្មេង​ៗ​ថា​ អ្នក​ដែល​ចេះ​វិធី​ថែ​រក្សា​សុខភាព​ចាប់​ពី​ក្មេង​ៗ​ទៅ​គឺ​មនុស្ស​ដែល​មាន​សំណាង​បំផុត​។ មនុស្ស​យើង​ អ្វី​ដែល​មិន​ទាន់​ជួប​គឺ​មិន​ដឹង​។ ប៉ុន្តែ​នៅ​ពេល​យើង​ឈឺ​ជិត​ស្លាប់​ទើប​ដឹង​ថា​ អ្វី​ៗ​ទាំងអស់​ សូម្បី​តែ​លុយ​ក៏​ថោក​ដូច​សំរាម​ ក្រៅ​តែ​ពី​ជីវិត​មួយ​មុខ​ប៉ុណ្ណោះ​។

រឿង​ថែ​រក្សា​សុខភាព​ជា​រឿង​មិន​បន្ទាន់​ទេ​ តែ​វា​ចាំបាច់​ បើ​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ ចាំ​ឱ្យ​វា​ក្លាយ​ជា​រឿង​បន្ទាន់​ផង​ចាំ​បាច់​ផង​ វា​ក៏​អាច​នឹង​ហួស​ពេល​ទៅ​ហើយ​៕

«ទាំងនេះ​ជា​ការ​ដកស្រង់​សារ​ដ៏​មាន​ខ្លឹមសារ​របស់​លោក​ គីម​ ចាន់​ណា​»

ផ្ដល់សិទ្ធដោយ៖ Kqube