Header Ads

loading...
loading...

អស្ចារ្យណាស់..!! ប្រាសាទ​​នៅ​​ឥណ្ឌា​ល្បី​ចម្លាក់​ស្ដីពី​ភេទសម្ព័ន្ធ​​ប្រើ​សុទ្ធតែ​ក្បាច់​​អស្ចារ្យ

ក្រុងញូវដែលី: កាជូរ៉ាហូ ជា​សំណង់​ប្រាសាទ​​ថ្មបុរាណ​មួយ​ត្រូវ​សាងសង់​ឡើង​បែប​សិល្បៈ​បង្រួម​ចូល​គ្នា​​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ និង​ជេន សាសនា។


ប្រាសាទ​នេះ​មាន​​ស្ថិត​នៅក្នុង​រដ្ឋ​​ម៉ាឌីយ៉ា ប្រាដេស ប្រទេស​ឥណ្ឌា និង​ចម្ងាយ ១៧៥ ​គីឡូម៉ែត្រ​​ភាគ​អាគ្នេយ៍​ទីក្រុង​ចាន់ស៊ី ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។

បណ្ដុំ​ប្រាសាទ​កាជូរ៉ាហូ ល្បី​ចំពោះ​​ស្ថាបត្យកម្ម​រចនាប័ទ្ម​ណាហ្គារ៉ា​ និង​ចម្លាក់​រួមភេទ​ក្បាច់​ប្លែកៗ​​ដ៏ត្រេកត្រអាល​។

ប្រាង្គ​ប្រាសាទ​ភាគច្រើន​ត្រូវ​បាន​សាងសង់​​​ចន្លោះ​ឆ្នាំ ៩៥០ និង​ ១០៥០ ។ តាម​ឯកសារ​ប្រវត្តិសាស្រ្ត​​​ឥណ្ឌា​ តំបន់​​ប្រាសាទ​នេះ​ មាន​សំណង់​​​ ៨៥ ​ប្រាសាទ​នៅក្នុង​សតវត្សរ៍​ទី​ ១២ ​លើ​ទំហំ​​ ២០ ​​គីឡូម៉ែត្រការ៉េ​។ តែ​បច្ចុប្បន្ន​​​មាន​ប្រាសាទ​ ២០​ ប៉ុណ្ណោះ​​ដែល​​នៅ​សេសសល់​នៅលើ​ផ្ទៃដី​ប្រមាណ​ ៦ ​គីឡូម៉ែត្រការ៉េ​។


ប្រាង្គ​ប្រាសាទ​ត្រូវ​បាន​សាង​ឡើង​ជុំ​គ្នា​នៅ​ទីកន្លែង​តែ​មួយ​ ​ដោយ​បាន​​​ឧទ្ទិស​ដល់​អាទិទេព​នៃ​សាសនា​ពីរ​រួម​គ្នា​​។
ប្រជុំ​ប្រាសាទ​បង្ហាញពី​វិចិត្រ​សិល្បៈ​ប្លែកៗ ១០ ​ភាគរយ​​ជា​ទម្រង់​សិល្បៈ​​ភេទ​​សម្ព័ន្ធ​ទាំង​នៅ​​ក្រៅ​ និង​ក្នុង​ប្រាសាទ​។ តួ​ប្រាសាទ​ខ្លះ​ដែល​មាន​ជញ្ជាំង​​ពីរ​​ស្រទាប់​ មាន​ចម្លាក់​រូប​រួមភេទ​​តូចៗ​​ខាង​ក្រៅ​នៃ​ជញ្ជាំង​ស្រទាប់​​​ក្នុង​។​

មាន​អ្នក​ប្រាជ្ញ​ខ្លះ​ថា នេះ​គឺ​កម្រង​សិល្បៈ​រៀបរាប់​ពី​ការប្រតិបត្តិ​សិច​ដល់​កំពូល​របស់​មនុស្ស​​សម័យកាល​មុន។ ចំណែក​អ្នក​ខ្លះ​បកស្រាយ​តាម​ជំនឿ​ថា នេះជា​កម្រង​ចម្លាក់​ស្តី​តណ្ហា​ពុះកញ្ជ្រោល​​ជា​តម្រូវការ​ដ៏ចាំបាច់​របស់​មនុស្ស​ ហើយ​​ជាធម្មតា​ការបង្ហាញ​កាយវិការ​ដ៏ស្រើបស្រាល​​​ទាំងនោះ​​តាម​ជញ្ជាំង​​ គឺជា​​ការឧទ្ទិស​ដល់​​សាសនា​ហិណ្ឌូ​។

ចេមស៍ ម៉េកខុនណាឈី អ្នកស្រាវជ្រាវ​ប្រវត្តិ​កាមាស៊ូត្រា ​ឬ​ក្បួន​តម្រា​ស្នេហា​ឥណ្ឌា បាន​ចាត់ទុក​​​ចម្លាក់​សិច​​ទាំងនោះ​ជា ​«សិល្បៈ​​កំពូល​នៃ​ភេទសម្ព័ន្ធ​​​»។


រីឯ​នៅលើ​ជញ្ជាំង​ប្រាសាទ​​​ ៩០ ​​ភាគរយ​ទៀត​​ជា​ចម្លាក់​​សកម្ម​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ឥណ្ឌា​សម័យ​ដើម​​​ រូប​នារី​គ្រង​គ្រឿង​ប្រដាប់​អលង្ការ​ពេញ​ប្រាណ ចម្លាក់​សត្វ​នានា កាយវិការ​ឈរ រាំ និង​ចម្លាក់​ទេវៈ​ផ្សេងៗ​ផង​ដែរ​៕

ប្រភព:postkhmer