ជំនន់ទឹកភ្លៀងក្រុងភ្នំពេញ មិនប៉ះពាល់វិស័យអចលនទ្រព្យទេ
ទាំងប្រជាពលរដ្ឋ និងមន្ត្រីជំនាញបាននិយាយថា ការជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងក្រុងភ្នំពេញ ជាកំហុសរបស់អាជ្ញាធរ និងរបស់ប្រជាពលរដ្ឋ ប៉ុន្តែជំនន់ទឹកភ្លៀងមិនបានធ្វើឲ្យមានផលប៉ះពាល់ដល់វិស័យអចលនទ្រព្យទេ។
លោក ហែម សត្យា ប្រជាពលរដ្ឋរស់នៅភូមិ ៧១ ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ដែលតែងតែសរសេររិះគន់លើបណ្តាញទំនាក់ទំនងសង្គម នៅពេលទឹកលិចទីក្រុងភ្នំពេញម្តងៗ បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលថ្ងៃអង្គារថា ពេលភ្លៀងម្តងៗនៅទីក្រុងភ្នំពេញ ទឹកលិចផ្លូវស្ទើរគ្រប់ទីកន្លែង ប៉ុន្តែអ្វីលោកសង្កេតឃើញគឺល្បឿនទឹកលូរចេញទៅវិញលឿនជាងមុន។
លោកបន្តថា ទោះជាយ៉ាងណា ការលិចទឹកទោះបីហូរលឿនជាងមុន តែវាក៏បានបង្កការរំខាន និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋទាក់ទងនឹងទ្រព្យសម្បត្តិផ្សេងៗ រួមទាំងយានយន្តជាដើម។
លោកបន្តថា ៖ «អ្វីខ្ញុំឃើញវាមានផលប៉ះពាល់ តែកំហុសមួយចំនួនក៏ដោយសារប្រជាពលរដ្ឋបោះកាកសំណល់ ឬយកសំរាមចោលក្បែរមាត់លូ ដែលពេលភ្លៀងមកសំរាមហូរចូលលូ ធ្វើឲ្យស្ទះលូ បណ្តាលឲ្យទឹកភ្លៀងមិនអាចហូរបាន«។ លោកបន្តថា ៖ «កំហុសអាជ្ញាធរក៏ជាផ្នែកមួយផងដែរ ព្រោះការពង្រីកប្រព័ន្ឋលូមិនទាន់បានគ្រប់គ្រាន់»។
ម្យ៉ាងទៀតទីតាំងមួយចំនួនមានធ្វើផ្លូវថ្នល់ថ្មីមែន ប៉ុន្តែអត់មានប្រព័ន្ធលូបង្ហូរទឹកទេ លុះក្រោយពីប្រើប្រាស់ផ្លូវថ្នល់បានមួយរយៈក៏បែរជាជីកថ្នល់ធ្វើលូ ឬក៏ដាក់ប្រព័ន្ធទឹក ភ្លើង និងទូរស័ព្ទធ្វើឲ្យកកស្ទះទាំងផ្លូវធ្វើចរាចរ និងទឹកអត់ហូរជាដើម។
នៅពេលសួរពីប្រទេសគេក៏រងការជន់លិចដែរនោះ តើលោកគិតដូចម្តេច? លោក សត្យា បាននិយាយថា ៖ «ខ្ញុំទទួលស្គាល់ពេលមានភ្លៀងធំ នៅប្រទេសថៃ ក៏ជន់លិច សហរដ្ឋអាមេរិកក៏ជន់លិចផងដែរ ប៉ុន្តែនៅកម្ពុជាការលិចលង់ដោយសារការអភិវឌ្ឍមិនគោរពតាមប្លង់គោលរបស់កក្រុង ហើយប្រព័ន្ឋរំដោះទឹកចេញទៅបឹង ឬទន្លេមានភាពយឺតយ៉ាវ»។
ប្រជាពលរដ្ឋមួយរូបទៀតរស់នៅសង្កាត់ភ្នំពេញថ្មី លោក ង៉ែត ជូ ដែលតែងរិះគន់តាមបណ្តាញទំនាក់ទំនងសង្គមផងដែរ ពីទឹកលិចទីក្រុងភ្នំពេញ បានថ្លែងថា ការលិចទឹកក្នុងទីក្រុងភ្នំពេញ ពិតជាកើតឡើងមែននៅពេលរដូវភ្លៀងមកដល់ ដែលបង្កផលប៉ះពាល់ជីវភាពប្រជាពលរដ្ឋ និងមុខរបររកទទួលទានរបស់ប្រជាពលរដ្ឋផងដែរ ប៉ុន្តែលោកទទួលស្គាល់ផងដែរថា ការជន់លិចបច្ចុប្បន្នមិនមានរយៈពេលយូរនោះទេ ព្រោះទឹកហូរលឿនជាងមុន។/
លោកបន្តថា ៖ «ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំគិតថា អាជ្ញាធរក្រុងត្រូវរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ សម្រាប់រយៈពេលវែង ព្រោះទីក្រុងរបស់យើងពីមុនមានបឹងច្រើន ប៉ុន្តែឥឡូវនេះបឹងភាគច្រើនបានលុបអស់ហើយ»។
លោកបន្តថា៖ «នៅពេលបឹងភាគច្រើនលុបអស់ ធ្វើឲ្យកន្លែងស្តុកទឹកមានកម្រិត ហេតុនេះការអភិវឌ្ឍដោយមានផែនការច្បាស់លាស់ សម្រាប់រយៈពេល ៥០ ទៅ ១០០ ឆ្នាំខាងមុខគឺសំខាន់ណាស់»។
ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ឋ កាលពីពេលថ្មីៗនេះបានហៅអ្នករិះគន់ ទឹកលិចក្រុងភ្នំពេញថា «គួរឲ្យអាណិត»។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បានថ្លែងថា ការជន់លិចទីក្រុងភ្នំពេញ ពិតជាមានផលប៉ះពាល់មួយចំនួនដល់ប្រជាពលរដ្ឋ ហើយបើជន់លិចយូរ វាប៉ះពាល់ដល់មុខរបរ ទ្រព្យសម្បត្តិប្រជាពលរដ្ឋផងដែរ ហើយបើករណីធ្ងន់ធ្ងរទឹកលិចនៅកាប៊ីនភ្លើង ហើយឆ្លងចរន្តអគ្គិសនី នឹងមានគ្រោះថ្នាក់កាន់តែខ្លាំងដល់ប្រជាពលរដ្ឋ។
លោកបន្តថា៖ «វាជារឿងសាមញ្ញទេ បើភ្លៀងខ្លាំងទឹកភ្លៀងលិចរយៈពេល ១ ទៅ ២ ម៉ោង មិនអីនោះទេ ហើយក៏វាមិនប៉ះពាល់ដល់តម្លៃអចលនទ្រព្យនោះទេ ព្រោះខ្ញុំសង្កេតឃើញមានភាពប្រសើរច្រើននាពេលនេះ ដោយសារការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង»។
លោកបន្តថា៖ «ខ្ញុំពិតជាឃើញទឹកស្រកឆាប់ជាងមុន ដោយសាររដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងដែរ ហើយអ្វីសំខាន់សុំប្រជាពលរដ្ឋគួរចូលរួមផងដែរ ដោយកុំបោះសំរាមផ្តេសផ្តាសធ្វើឲ្យស្ទះលូ»។
ទោះជាយ៉ាងណាលោក សុខនីម បានសំណូមពរឲ្យរដ្ឋាភិបាលពង្រីកការវិនិយោគលើម៉ាស៊ីនបូមទឹកចេញពីទីក្រុងឲ្យបានច្រើនបន្ថែមទៀត ពិសេសរក្សាទុកអាងស្តុកទឹកភ្លៀងខ្លះ ជាជាងលុបអស់ចេញពីទីក្រុង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានលើកឡើងស្រដៀងគ្នាថា ទឹកពិតជាហូរលឿនជាងមុន តែបើសួរថា ជំនន់ទឹកភ្លៀងប៉ះពាល់ដល់ប្រជាពលរដ្ឋឬអត់? ចម្លើយពិតជាប៉ះពាល់ ប៉ុន្តែអាជ្ញាធរក៏បានយកចិត្តទុកដាក់ផងដែរ ដែលទឹកភ្លៀងបានហូរចេញលឿនជាងមុន។
លោកបន្តថា៖ «ខ្ញុំគិតថា កុំបន្ទោសតែអាជ្ញាធរ ហើយប្រជាពលរដ្ឋខ្លួនឯងនៅតែមិនចូលរួមសហការ ដោយនៅតែបោះសំរាមចោលផ្តេសផ្តាស»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ទាក់ទងនឹងទឹកជន់លិចក្រុងភ្នំពេញម្តងៗ អាជ្ញាធរក្រុងពិសេសអភិបាលក្រុងមិនដែលព្រងើយកន្តើយនោះទេ ជាក់ស្តែងអាជ្ញាធរក្រុងកំពុងរៀបចំផែនការបង្កើតស្ថានីបូមទឹកចេញពីក្រុងថ្មីមួយទៀត នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ថា គម្រោងនេះបញ្ចប់នៅពេលណា និងចំណាយថវិកាប៉ុន្មាននោះទេ៕
Post a Comment