ក្រុមហ៊ុន Naki បោះទុន ១០ លានដុល្លារសម្រាប់ គម្រោងលំនៅឋានតម្លៃទាប នៅភាគខាងត្បូងក្រុងភ្នំពេញ
ដោយសារមើលឃើញកំណើននៃតម្រូវការ និងទំហំប្រជាជន មានជីវភាពមធ្យមមានចំនួនច្រើន ក្រុមហ៊ុន Naki Group បានសម្រេច បោះទុនវិនិយោគទឹកប្រាក់ ១០ លានដុល្លារអាមេរិក សាងសង់លំនៅឋានសម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម។
អគ្គនាយកក្រុមហ៊ុន Naki Group លោក មាស ង៉ែតវាសនា បានថ្លែងឲ្យដឹង កាលពីថ្ងៃច័ន្ទថា ដោយសារមើលឃើញកំណើនសេដ្ឋកិច្ច និងកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិសេសប្រជាជនមានជីវភាពថ្នាក់មធ្យម និងមធ្យមកម្រិតទាបកើនឡើងខ្លាំង ទើបលោកសម្រេចចិត្តវិនិយោគបុរី Ravana នេះឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកបន្តថា បុរីនេះស្ថិតនៅលើផ្ទៃដីប្រមាណជាង ៣ហិកតា និងគេហដ្ឋានមួយលក់ក្នុងតម្លៃចន្លោះពី ៣៥,០០០ ទៅ ៦០,០០០ ដុល្លារអាមេរិក អាស្រ័យលើទីតាំង និងទំហំផ្ទះនីមួយៗជាក់ស្តែង។
លោកបន្តថា ៖ «ខ្ញុំគិតថា គម្រោងនេះនឹងទទួលបានជោគជ័យ ដោយសារហេតុផលខាងលើ ហើយខ្ញុំគិតថា គូស្វាមីភរិយាវ័យក្មេងដែលមានប្រាក់ខែបូកចូលគ្នាចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារក៏អាចសន្សំទិញបាន»។
លោកបន្តថា ៖ «យើងនឹងជួយពួកគេឲ្យអាចទទួលបានឥណទានពីធនាគារ ដើម្បីសម្រេចបានលំនៅឋានក្នុងក្តីសុបិនរបស់ពួកគេ»។
បុរី Ravana ស្ថិតនៅចុងផ្លូវ ៦០ ម៉ែត្រ ស្របតាមបណ្តោយផ្លូវជាតិលេខ ២ (អតីតដីរបស់ស្ថានីយទូរទស្សន៍ CTN) ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក មាស ង៉ែតវាសនា បានបន្តថា ការវិនិយោគលំនៅឋានដែលមានតម្លៃសមរម្យបែបនេះ ជាការវិនិយោគស្របតាមស្ថានភាពសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដោយសារប្រទេសយើងមានសុខសន្តិភាព សេដ្ឋកិច្ចកើនឡើងរៀងរាល់ឆ្នាំ ហើយប្រជាជនមានជីវភាពមធ្យមក៏កំពុងមានកំណើនខ្ពស់ផងដែរ។
តំបន់ភាគខាងត្បូងក្រុងភ្នំពេញ ធ្លាប់ត្រូវបានអតីតវីរស្ថាបត្យករកម្ពុជា លោក វណ្ណ ម៉ូលីវណ្ណ ចង្អុលបង្ហាញថា ជាទីតាំងដែលស័ក្តិសមសម្រាប់ការពង្រីកទីក្រុងដោយលោកបានលើកហេតុផលថា តំបន់នេះជាតំបន់ខ្ពស់មិនប្រឈមមុខនឹងទឹកជំនន់។
ស្របពេលជាមួយគ្នានេះដែរ បុរីពិភពថ្មី ក៏បានពង្រីកការវិនិយោគនៅតំបន់ជាប់ផ្លូវជាតិលេខ ២ លើទំហំដីជាង ៥០ ហិកតា និងផ្តោតការសាងសង់លំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យមផងដែរ។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថា ការទិញលក់លំនៅឋាន នៅតែមានភាពល្អប្រសើរសម្រាប់ឆ្នាំនេះ ដោយសារកំណើនប្រជាសាស្ត្រ កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងលក្ខខណ្ឌទទួលបានឥណទាន ពីធនាគារនានាកាន់តែមានភាពងាយស្រួល។
លោកបន្តថា អ្វីដែល លោកមើលឃើញការទិញលំនៅឋានទី ២ នៅតាមបុរីនានាបានកើនឡើង ប៉ុន្តែប្រសិនជាមើលនិន្នាការទីផ្សារ លោកបានមើលឃើញថា អ្នកវិនិយោគបានចាប់ផ្តើមចាប់យកទីផ្សារប្រជាជនមានចំណូលទាប និងចំណូលមមធ្យម ព្រោះប្រជាជនក្នុងក្រុមនេះមានចំនួនច្រើន និងកំពុងកើនឡើង។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោកឧកញ៉ា លី ហួរ ធ្លាប់បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា ទីផ្សារលំនៅឋានសម្រាប់ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមមានភាពល្អប្រសើរ និងលក់ដាច់ច្រើន ជាក់ស្តែងលោកបានសាងសង់លំនៅឋានប្រភេទនេះជាង ២០០ល្វែង នៅតាមបណ្តោយផ្លូវជាតិលេខ៦អា បានលក់ដាច់អស់ក្នុងរយៈពេល១ខែ។
លោកបន្តថា បច្ចុប្បន្នការលក់លំនៅឋានមានតម្លៃថ្លៃ ហាក់មានភាពយឺតយ៉ាវបន្តិច ព្រោះទីផ្សារបានងាកមកកាន់ប្រជាជនថ្នាក់ក្រោម។
លោកបន្តថា ៖ «ទោះជាយ៉ាងណាការវិនិយោគលំនៅឋានមានតម្លៃទាប ឬខ្ពស់ អាស្រ័យលើទីតាំង ព្រោះបើទីតាំងល្អ ដីមានតម្លៃថ្លៃក៏យើងមិនអាចវិនិយោគសាងសង់លំនៅឋានមានតម្លៃទាបបានដែរ»។
លោកបន្តថា ៖ «បើមើលទីផ្សារលំនៅឋានមានតម្លៃខ្ពស់ ក៏នៅតែលក់បានល្អ ប្រសិនជាការវិនិយោគផ្តោតលើតំបន់កណ្តាលក្រុង ដែលមានសកម្មភាពពាណិជ្ជកម្មល្អ»៕
Post a Comment