ពុង ឃាវសែ វិនិយោគ$១៥លានលើមណ្ឌលកម្សាន្តអាណាចក្រអង្គរ
សៀមរាបៈ ក្រុមហ៊ុន វិនិយោគទេសចរណ៍វប្បធម៌អន្តរជាតិកាហេង របស់លោក ពុង ឃាវសែ ដែលជាការវិនិយោគជាមួយក្រុមហ៊ុនចិន បានវិនិយោគ១៥លានដុល្លារក្នុងការបង្កើត គម្រោងមណ្ឌលកម្សាន្តអាណាចក្រអង្គរ នៅខេត្តសៀមរាប។
មណ្ឌលកម្សាន្តអាណាចក្រអង្គរ នេះនឹងត្រូវសាងសង់លើផ្ទៃដី ៦ ០០០ហិកតា ដែលគ្រោងនឹងដំណើរការជាផ្លូវការនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមសុន្ទរកថារបស់លោក ពុង ឃាវសែ កាលពីថ្ងៃទី២៥ តុលា។
លោក ពុង ឃាវសែ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វិនិយោគទេសចរណ៍វប្បធម៌អន្តរជាតិកាហេង បានឲ្យដឹងនៅក្នុងសន្និសីទកាលពីថ្ងៃ ២៥ តុលា ថា ការវិនិយោគទឹកប្រាក់ ១៥លានដុល្លារលើការវិនិយោគការកម្សាន្តនេះនឹងរួមមានការកម្សាន្តជាច្រើន ដែលមានដូចជារោងល្ខោន តំបន់ពាណិជ្ជកម្ម ភោជនីយដ្ឋាន និងការកម្សាន្តសួនទឹក។
លោកបន្តថា គម្រោងកម្សាន្តចម្រុះនេះអាចទទួលភ្ញៀវឲ្យចូលទស្សនាចំនួន១២០០នាក់។ លោកថ្លែង៖ «គម្រោងនេះគឺទំនើបបំផុតជាមួយនឹងមុខងារជាច្រើននៅក្នុងប្រទេសកម្ពុជា និងអាស៊ី»។ លោកបានបន្ថែមថា មានអ្នកសម្ដែង២០០នាក់នៅរោងល្ខោននេះ ដែលនឹងបង្ហាញអំពីវប្បធម៌ ប្រពៃណី និងប្រវត្តិសាស្ដ្ររបស់ប្រទេសកម្ពុជា។
ក្រសួងទេសចរណ៍កម្ពុជា រំពឹងថា នៅឆ្នាំនេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសជាង៥លាននាក់ ហើយនឹងកើនដល់៧លាននាក់នៅឆ្នាំ២០២០ ដែលនឹងនាំចំណូល៥ពាន់លានដុល្លារ និងបង្កើតការងារជាង១លានកន្លែង៕
Post a Comment