សំណង់ខ្ពស់ៗនៅតែបន្តសាងសង់នៅក្បែរតំបន់បូជនីយដ្ឋានសំខាន់ៗ
ស្របពេលរាជធានីភ្នំពេញមានការវិនិយោគ និងការអភិវឌ្ឍ សម្ទុះនៃការសាងសង់សំណង់អគារទំនើបខ្ពស់ៗស្ថិតនៅក្នុងតួលេខមួយដែលគួរឲ្យកត់សម្គាល់។ ការរីកដុះដាលនូវសំណង់អគារនៅក្នុងទីក្រុងជាសញ្ញាអភិវឌ្ឍន៍មួយប្រកបដោយភាពស៊ីវិល័យ ប៉ុន្តែសំណង់ខ្ពស់ៗទាំងនោះក៏ជាហានិភ័យមួយផ្នែកនៃទេសភាពទីក្រុង។
ទោះបីជាគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារទំនើប និងអគារស្នាក់នៅមួយចំនួនបានពង្រីងទៅជាយទីក្រុងនាពេលថ្មីៗនេះគម្រោងសាងសង់អគារខ្ពស់ៗរបស់ក្រុមហ៊ុនវិនិយោគក៏បានអភិវឌ្ឍខ្លួននៅចំបេះដូងនៃទីក្រុង ដែលស្ថិតនៅក្នុងលក្ខខណ្ឌកំណត់មួយរវាងកម្ពស់ និងចម្ងាយពីសំណង់បេតិកភណ្ឌនានា ដូចជាព្រះបរមរាជវាំង វិមានឯករាជ្យ បូជនីយដ្ឋាន វត្តអារាមជាដើម។

លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្មទីក្រុងបានថ្លែងថា នៅពេលដែលមានការរៀបចំនគរូបនីយកម្មបែបទំនើប នៅតាមប្រទេសនីមួយៗត្រូវមានការគិតគូរច្រើនពីការកំណត់តំបន់ និងកម្ពស់អគារនៅក្នុងតំបន់នីមួយៗច្បាស់លាស់ដែរ។ ជាក់ស្តែងនៅក្នុងរាជធានីភ្នំពេញ មានការសិក្សាជាច្រើនឆ្នាំមកហើយពីការកំណត់កម្ពស់អគារទៅតាមតំបន់នីមួយៗ ទៅតាមផែនទី និងគម្រោង ដែលជាសេចក្តីព្រាងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់ជាបទដ្ឋាននេះឡើង ប៉ុន្តែវាមិនទាន់ជាសេចក្តីប្រកាសផ្លូវការនៅឡើយ។
តំបន់មួយចំនួននៅជុំវិញព្រះបរមរាជវាំង វិមានឯករាជ្យ តាមបណ្តាយមាត់ទន្លេ ឬក្បែរស្ពានធំៗ ដែលជាតំបន់សំខាន់ៗ គេតែងតែស្នើសុំបទប្បញ្ញត្តិទាក់ទងនឹងទីកន្លែងដើម្បីសាងសងឲ្យស្របច្បាប់ពីព្រោះវាជាតំបន់ដែលប្រជុំដោយសំណង់បេតិកភណ្ឌ។
លោកបានឲ្យដឹងថា ៖ «កន្លងមកសាលារាជធានីភ្នំពេញ និងក្រសួងដែនដី បានប្រើប្រាស់សេចក្តីព្រាងនេះ ដើម្បីអនុវត្ត ប៉ុន្តែមិនទាន់ជាផ្លូវការ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់អ្នកវិនិយោគ និងសាងសង់នៅឡើយទេ»។
លោកបណ្ឌិតបន្តថា ពាក់ព័ន្ធទៅនឹងតំបន់នីមួយៗក្នុងទីក្រុង ក្រសួងមានជាប្លង់មេ(master plan) ដែលមានការកំណត់មុខងារត្រឹមត្រូវក្នុងការប្រើប្រាស់ដី ប៉ុន្តែមិនបានកំណត់ពីកម្ពស់អគារទេ ដូច្នេះតំបន់ទីប្រជុំជនពាណិជ្ជកម្មមួយចំនួនអាចសាងសង់បាន។
លោកបានបង្ហើបថា ៖ «ដោយសារយើងមិនបានកំណត់ជាក់លាក់ ការអភិវឌ្ឍខ្លះអាចសាងសង់បានអាស្រ័យទៅលើការស្នើរសុំតាមលំដាប់លំដោយតាមក្រសួងជំនាញជាក់ស្តែងពីម្ចាស់វិនិយោគ។ ឧទាហរណ៍ ៖ ការសាងសង់គឺ សិ្ថតទៅតាមស្ថានភាព និងការវាយតម្លៃរបស់អ្នកជំនាញរបស់ក្រសួងដែនដី»។
យោងតាមអនុក្រឹត្យ៨៦ស្តីពី ៖ «លិខិតអនុញ្ញាតសាងសង់» ក្នុងមាត្រា២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា រាល់សំណង់ទាំងអស់នៅក្នុងទីក្រុង ឬទីរួមខេត្ត ត្រូវស្ថិតនៅក្រោមការអនុញ្ញាតសាងសង់របស់ក្រសួង។ សំណង់ថ្មីទាំងអស់ដែលចង់កសាងឡើងវិញ ការពង្រីក និងការបន្ថែមជាន់លើអាគារដែលមានស្រាប់នឹងត្រូវអនុវត្ត និងគោរពតាមលិខិតអនុញ្ញាតសាងសង់ផងដែរ។
លោកក៏បានលើកឡើងពី អនុក្រឹត្យលេខ៨៦ស្តីពី «លិខិតអនុញ្ញាតសាងសង់» ថា ទាក់ទងទៅនឹងបទប្បញ្ញាត្តិបច្ចេកទេស គឺពាក់ព័ន្ធទៅនឹងការស្នើរសុំការសាងសងដូចជាសេវាសំណង់ និងស្តង់ដារសំណង់ស្របទៅនឹងការអភិវឌ្ឍប្រទេស។ វាមិនមែនជាបញ្ហាអ្វីឡើយសម្រាប់ការអភិវឌ្ឍ សំខាន់វាអាស្រ័យទៅនឹងតំបន់នីមួយៗថា តើជាតំបន់អភិរក្ស ឬតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម»។

ប៉ុន្តែលោកបណ្ឌិតបានប្រាប់ថា អនុក្រឹត្យនេះមិនទាន់បានកែសម្រួលឲ្យឆ្លើយតបគ្រប់ជ្រុងជ្រោយទៅនឹងការអភិវឌ្ឍបច្ចុប្បន្ននៅឡើយទេ ដូច្នេះទាមទារឲ្យមុននឹងធ្វើការសាងសង់ ត្រូវធ្វើការស្នើសុំជាក់ស្តែងទៅក្រុមការងារជំនាញមើលឡើងវិញនូវអ្វីដែលមិនទាន់មានក្នុងអនុក្រឹត្យ។
លោកបានបន្ថែមថា ៖ «ដោយសារមិនមានការអនុវត្តសេចក្តីប្រកាសជាផ្លូវការ យើងឃើញមានអគារខ្ពស់ៗបានសាងសង់នៅក្បែរមាត់ទន្លេ ដែលផ្ទុយពីការកំណត់របស់អនុក្រឹត្យសាងសង់តម្រូវឲ្យមានចម្ងាយ៥០ម៉ែត្រ ពីច្រាំងទន្លេ ប៉ុន្តែសំណង់ខ្លះបានកើតមុន និងក្រោយ ដូច្នេះអាជ្ញាធរត្រូវមានការពិនិត្យឲ្យមែនទែនពីជំនាញដូចជាសំណង់កាស៊ីណូណាហ្គាវើលថ្មី ដែលមានប្រវែងវែងបាំងទេសភាពខាងក្រោយ និងធ្វើឲ្យខ្យល់មិនអាចចេញចូលតំបន់ក្បែរនោះបាន»។
លោកផ្ទាល់មានការព្រួយបារម្ភពីអគារខ្ពស់ៗដែលនៅក្បែរមាត់ទន្លេ ឬព្រែក ដែលមិនគោរពទៅតាមការកំណត់ និងសណ្ឋានដី ពីព្រោះវាអាចប៉ះពាល់ទៅនឹងបញ្ហាសុវត្ថិភាពនៃសំណង់(បាក់ស្រុត) ប៉ះពាល់ទេសភាពទីក្រុងដែលអាចបាំងនូវខ្យល់ទន្លេ និងការបាត់បង់សោភ័ណភាពទីក្រុង។
«យើងគួរព្យាយាមរក្សាទេសភាព និងបរិយាកាសនៅតំបន់ជិតព្រះបរមរាជវាំង ពីព្រោះវាជាតំបន់ដែលមានអំណោយផលធម្មជាតិសម្រាប់ទីក្រុងនៃប្រទេសកម្ពុជា ដែលជាកន្លែងទេសចរណ៍ត្រូវការ និងទាមទារឲ្យមានការផ្សព្វផ្សាយយល់ដឹងទាំងអស់គ្នាទាក់ទងទៅនឹងបទប្បញ្ញាត្តិ ដែលមានការឯកភាពគ្នា»។
ទន្ទឹមនឹងភាពខ្វះខាតផ្នែកបច្ចេកទេស និងគុណភាពអគារ លោក វ៉ាត ក៏បានសរសើរអគារមួយចំនួន ដែលមានការឌីហ្សាញដោយរក្សាទុកចន្លោះខ្យល់ចេញចូល និងគិតពីទីធ្លារសួនច្បារ និងទីធ្លារហាត់កីឡា។
លោក សន សៀប ស្ថាបនិក និងជាប្រធានគ្រប់គ្រងក្រុមហ៊ុន Key Real Estate បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ អចលនទ្រព្យថា អនុក្រឹត្យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ទីតាំងរបស់អគារ ប៉ុន្ដែកម្ពស់អគារនេះមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ។ រហូតមកដល់ពេលនេះក្រសួងបានបង្ហាញប្លង់កម្ពស់នៅម្តុំព្រះបរមរាជវាំង វិមានឯករាជ្យ អាកាសយានដ្ឋាន ដែលជាកន្លែងមិនត្រូវបានអនុញ្ញាតឱ្យសាងសង់អគារខ្ពស់ៗ។
លោកបានមានប្រសាសន៍ថា ៖ «ការសាងសង់ត្រូវតែស្ថិតនៅចន្លោះពី ៣០០ ទៅ៥០០ម៉ែត្រ ពីកន្លែងសម្គាល់ទាំងនោះ»។
លោក សេង ឡូត មន្ត្រីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពុំអាចសុំធ្វើការអធិប្បាយពន្យល់បានទេនៅក្នុងដើមសប្តាហ៍នេះ ប៉ុន្តែលោកធ្លាប់បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍អចលនទ្រព្យ កាលពីខែសីហាឆ្នាំ២០១៦ថា [រហូតមកដល់ពេលបច្ចុប្បន្ននេះក្រសួងនៅ «ពុំទាន់មានច្បាប់» ឬសារាចរណែនាំដល់ការសាងសង់សំណង់ថ្មីៗ ដែលមានទីតាំងនៅក្បែរៗទីតាំងសំខាន់ៗ រួមទាំងរមណីយដ្ឋាន បូជនីយដ្ឋាន ទីតាំងឬសំណង់បេតិភណ្ឌនៅឡើយទេ «ប៉ុន្តែក្រសួងបានរៀបចំការប្រជុំឯកភាពគ្នាជាមួយអាជ្ញាធររាជធានីភ្នំពេញ» និងអ្នកពាក់ព័ន្ធរួចហើយកាលពីពេលកន្លងមក]៕
សំណង់អគារខ្ពស់ដែលស្ថិតនៅក្បែរបូជនីយដ្ឋានសំខាន់ៗ
ថ្មីៗនេះក្រុមហ៊ុនវិនិយោគឯកជន«4Season Construction» ដែលមានមូលដ្ឋាននៅប្រទេសចិន បាន ប្រកាសពីគម្រោងសង់ខុនដូកម្ពស់៣៣ជាន់ ថ្មីមួយនៅកណ្តាលរាជធានីភ្នំពេញ នៅបណ្តោយផ្លូវលេខ២៩៤ កែងនឹងមហាវិថីព្រះនរោត្តម ដែលមានចម្ងាយប្រហែល២៥០ម៉ែត្រ ពីវិមានឯករាជ្យ។ យោងតាមសេចក្តីប្រកាសព័ត៌មានក្នុងសប្តាហ៍នេះ គម្រោងខុនដូដែលបង្ហាញពីលទ្ធភាពនឹងបញ្ចប់នៅចុងឆ្នាំ២០២០។ តើអគារខុនដូដែលមានកម្ពស់៣៣ជាន់ នេះអាចសាងសង់បានទេ ខណៈមានទីតាំងនៅក្បែរតំបន់បូជនីយដ្ឋានវិមានឯករាជ្យ?
កាលពីឆ្នាំ២០១៣ អគារសណ្ឋាគារ Landscape ធ្លាប់ត្រូវបានសាលារាជធានីភ្នំពេញប្រកាសឲ្យវាយចោលជាន់ខ្លះ ដោយសារតែមានទីតាំងខ្ពស់នៅក្បែរព្រះបរមរាជវាំង។ ប៉ុន្តែសព្វថ្ងៃនេះ មាន ការសាងសង់អគារខ្ពស់បន្ថែមថ្មីមួយ ទៀតរបស់ក្រុមហ៊ុនឯកជននៅក្បែរទីនោះ។ ករណីនេះ មហាជនបានចោទជាសំណួរថា តើក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរមានវិធានការយ៉ាងដូចម្តេច?
បើតាមប្រសាសន៍របស់លោក ឡូត កាលពីខែសីហា ឆ្នាំ២០១៦ដដែលបានឲ្យដឹងថា៖ [«ចំពោះព្រះបរមរាជវាំង ត្រូវបានកំណត់ពីអ័ក្សរបស់ព្រះបរមរាជវាំង ក្នុងកាំរង្វង់៣០០ម៉ែត្រនោះ គឺអនុញ្ញាតឲ្យការសាងសង់[សំណង់ថ្មី]មានកម្ពស់តែ១៤ម៉ែត្រទេ។ ចំណែកក្នុងចន្លោះកាំរង្វង់លើសពី ៣០០ម៉ែត្រ ដល់៥០០ម៉ែត្រ អនុញ្ញាតឲ្យមានកម្ពស់តែ ២៥ម៉ែត្រតែប៉ុណ្ណោះ»]៕
Post a Comment