ទឹកដីអង្គរទាក់ទាញអភិជនឥណ្ឌាមករៀបការម្ដង $២៥ ម៉ឺន
សៀមរាបៈ នាពេលថ្មីៗនេះ បន្ថែមពីលើកិត្តិសព្ទល្បីល្បាញ ដែលខេត្តសៀមរាប ទើបតែទទួលបានតាមរយៈសំណង់ប្រវត្តិសាស្ត្រប្រាសាទបុរាណដ៏អស្ចារ្យពីគេហទំព័រណែនាំទេសចរពិភពលោក Trip Adviser បានចំណាត់ថ្នាក់សំណង់ប្រាសាទអង្គររបស់ខ្មែរជាប់លេខ ១ ផ្នែកស្ថាបត្យកម្មដ៏មានសារៈសំខាន់បំផុតរបស់ពិភពលោកប្រចាំឆ្នាំ ២០១៧ នោះ ក៏ស្រាប់តែឮល្បីថាមានការបើកសេវាកម្មរៀបចំអាពាហ៍ពិពាហ៍ ជូនដល់ភ្ញៀវទេសចរជាតិឥណ្ឌា សម្រាប់ពិធីរាត្រីចន្ទទឹកឃ្មុំទៀតផងដែរ នៅលើទឹកដីក្រុងសៀមរាបអង្គរខ្មែរយើង។
បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កម្ពុជា បានស្វាគមន៍ និងគាំទ្រចំពោះការលើកឡើងពីតំណាងអគ្គរដ្ឋទូតឥណ្ឌា បានប្រាប់ថា កម្ពុជាគឺជាគោលដៅទេសចរណ៍បែបអាពាហ៍ពិពាហ៍ និងកិច្ចប្រជុំអន្តរជាតិនានារបស់ជនជាតិឥណ្ឌា ដោយលោកបានស្នើឲ្យជំរុញការផ្សព្វផ្សាយទៅដល់ក្រុមទេសចរឥណ្ឌានៅតំបន់ក្រុងបុមបៃ និងក្រុងញូវដែលី ជាពិសេសតែម្តង និងមានការជំរុញឲ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាទៀតផង។
លោក Naveen Srivasta ឯកអគ្គរដ្ឋទូតឥណ្ឌា បានគូសបញ្ជាក់ក្នុងជំនួបជាមួយនឹងលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា កាលពីពេលថ្មីៗនេះដែរថា៖ «តំបន់សៀមរាបអង្គរគឺជាគោលដៅសម្រាប់ទេសចរបែបអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌាដ៏ទាក់ទាញ ដោយផ្សារភ្ជាប់ទៅនឹងវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី ប្រហាក់ប្រហែលគ្នា ដែលនឹងនាំមកជាមួយក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងភ្ញៀវចូលរួមយ៉ាងច្រើន ហើយពួកគេអាចតភ្ជាប់ទៅតំបន់ឆ្នេរខេត្តព្រះសីហនុ សម្រាប់ពិធីរាត្រីក្រេបចន្ទទឹកឃ្មុំពួកគេទៀត»។
ដោយឡែកនៅតំបន់ក្រុងអង្គរនោះ ឃើញមានភ្នាក់ងាររៀបចំសេវាកម្ម អាពាហ៍ពិពាហ៍បែបឥណ្ឌា ចំនួនពីរផងដែរគឺភ្នាក់ងារ Angkor Wedding & Events ដែលទើបបើកបម្រើសេវាកម្មនេះ និងសណ្ឋាគារឡឺមេរីឌៀន (Lemeridien Hotel) ដំណើរការរៀបចំបានច្រើនលើកមកហើយ។
លោក ដេននីស កាម (Dennis Kam) ជានាយកផ្នែកលក់ និងទីផ្សារនៅសណ្ឋាគារឡឺមេរីឌៀន បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា៖ «នៅសណ្ឋាគារឡឺមេរីឌៀន ធ្លាប់បានទទួលរៀបចំពិធីអាពាហ៍ពិពាហ៍បែបឥណ្ឌានេះ បានចំនួនបីលើកហើយ ខណៈរយៈពេលមាននៅចន្លោះពេល ៦ ខែ ទៅ ៨ ខែ ម្តងនៃការរៀបចំសេវាកម្មនេះ។ ចំពោះកញ្ចប់សេវាកម្មនៃការរៀបចំគឺអាស្រ័យទៅតាមការចង់បានរបស់ភ្ញៀវ»។
លោកនាយកផ្នែកលក់ និងទីផ្សារសណ្ឋាគារឡឺមេរីឌៀន រូបនេះក៏បានបន្តឲ្យដឹងទៀតថា៖ «បើយោងតាមពិធីមង្គលការរបស់គ្រួសារជនជាតិឥណ្ឌាមួយ ដែលបានឲ្យយើងរៀបចំការចំនួនបួនថ្ងៃ គឺមានតម្លៃចំណាយសរុបចំនួន ២៥ ម៉ឺន ដុល្លារ»៕
ប្រភព៖ postkhmer
Post a Comment