ល្បិចថ្មី..! យករូបស្រីស្អាតដាក់ហ្វេសប៊ុកផ្ទាល់ខ្លួន ឆបោកអនិកជនខ្មែរនៅនូវែលសេឡង់ អស់ជាង “២០ម៉ឺនដុល្លារ”
ភ្នំពេញ ៖ ស្ត្រីម្នាក់ជាអ្នកលេងហ្វេសប៊ុកដែលតែងតែយករូបស្ត្រីស្អាតប្រើប្រាស់លើអាខោនរបស់ខ្លួនដើម្បីទាក់ទាយបុរសឆបោកយកប្រាក់កាលពីថ្ងៃទី២៣ ខែឧសភា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន លើបណ្តឹងអនិកជនខ្មែររស់នៅប្រទេសញ៉ូហ្សឺឡែនដែលចាញ់បោកស្ត្រីនោះអស់ប្រាក់ចំនួន១៩ម៉ឺនដុល្លារអាមេរិក ។ ស្ត្រីជាប់ចោទឈ្មោះ ហុង ស្រីដេត អាយុ៣៦ឆ្នាំ រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរធ្វើចុងភៅតាមភោជនីដ្ឋានចិន ។
ទាក់ទិននឹងការឃាត់ខ្លួនស្ត្រីខាងលើនេះត្រូវបានសមត្ថកិច្ចឲ្យដឹងថា គឺជាកាធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ា មឿន ភេទប្រុស អាយុ៥៦ឆ្នាំ អនិកជនខ្មែររស់នៅប្រទេសញ៉ូហ្សឺឡែនមានមុខរបរជាអ្នកបើកហាងលក់នំបុ័ង និងមានស្រុកកំណើតនៅផ្ទះលេខ៧៥ ផ្លូវលេខ១២៣CC ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចឲ្យដឹងទៀតថា ឈ្មោះ អ៊ា មឿន បានប្តឹងទៅលើឈ្មោះ ហុង ស្រីដេត ឈ្មោះពិតប្រាកដ ជិន សោភា បានប្រើប្រាស់លេខទូរស័ព្ទលេខ ០៦៨ ២០៨ ០៨៦, ០៩៦ ៥២ ៦០០ ០៥, ០១៥ ៦១០ ០៨៣, ០៧០ ៤០៣ ៧០៤,០៨៨ ៤៣៤៣ ២២៧ និងលេខ ០១៦ ៧៥៥ ៦៧៦ យកទៅប្រើប្រាស់ទាក់ទងឆបោកប្រាក់ពីជនរងគ្រោះអស់ចំនួន២៧៥.០០០ ដុល្លារអាមេរិក ។
ឈ្មោះ អ៊ា មឿន ជាអនិកជនខ្មែររស់នៅប្រទេសញ៉ូហ្សឺឡែននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៣ កន្លងមកដើមបណ្តឹងបានស្គាល់ស្ត្រីម្នាក់ឈ្មោះ ហុង ស្រីដេត នេះតាមរយៈរូបថតលេងហ្វេសប៊ុកម៉េសសេកឆាតរកគ្នាតាមលេខទូរស័ព្ទទាំងអស់នេះ ។ ក្រោយមកក៏ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នាហើយស្ត្រីជាជនសង្ស័យបានយករូបថតស្រីស្អាត(រូបអ្នកដ៏ទៃ)ប្រើលើសង្គមហ្វេសប៊ុករបស់ខ្លួនដែលបានដាក់ឈ្មោះថា (Sne Smos Srey Dath) និងចេះតែឆាតរកគ្នា រហូតស្រឡាញ់គ្នាតាមហ្វេសប៊ុកដោយមិនបានឃើញរូបពិតសោះនោះ ។ ហើយក្រោយមកជនសង្ស័យចេះតែសុំលុយតិចតួចៗគ្រាន់ចាយវាយជាធម្មតាទេ លុះដល់ស្រឡាញ់គ្នាយូទៅ ជនសង្ស័យបានឈានដល់ការសុំលុយទិញផ្ទះរស់នៅខ្លួនឯង និងសម្រាប់ពេលពួកគេរៀបការហើយបានរស់នៅជាមួយគ្នាដែលនេះជាល្បិចឆបោកពេលនោះឈ្មោះ អ៊ា មឿន ក៏បានផ្ញើឲ្យតាមការស្រឡាញ់ដោយដាក់តាមធនគារពីប្រទេសញ៉ូហ្សឺឡែនមកប្រទេសកម្ពុជាម្តង៣ម៉ឺនដុល្លារ និងម្តង៥ម៉ឺនដុល្លារអាមេរិកជាហូរហែររហូល់ដល់២៧៥.០០០ដុល្លារអាមេរិក ។
លុះដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ដើមបណ្តឹងបានធ្វើដំណើរពីញ៉ូហ្សឺឡែនមកលេងស្រុកកំណើតប្រទេសកម្ពុជា និងចង់ជួបមុខផ្ទាស់ស្រីស្នេហ៍ពិតប្រាកដ និងដើម្បីរៀបការធ្វើប្តីប្រពន្ធជាមួយនាងផង ។ នៅពេលឈ្មោះ អ៊ា មឿន មកដល់ប្រទេសកម្ពុជាក៏បានទូរស័ព្ទទាក់ទងតាមលេខប្រើប្រាស់រាល់ដងស្រាប់តែលេចចេញឈ្មោះ ហុង ស្រីដេត ជនសង្ស័យជាមនុស្សផ្សេងអាយុជិត៤០ឆ្នាំទៅទទួលនៅព្រលានយន្តហោះវិញដោយជនសង្ស័យបានប្រាប់ថា ឈ្មោះ ហុង ស្រីដេត ក្នុងហ្វេសប៊ុកឈ្មោះ ស្នេហ៍ស្មោះស្រីដេត ជាកូនរបស់គាត់ហើយនាងបានទៅលេងប្រទេសថៃបាត់ហើយ ជនសង្ស័យប្រាប់ថា ចាំលើកក្រោយទៅចាំជួបនាង ។
ចំណុចនេះបានធ្វើឲ្យដើមបណ្តឹងមានការសង្ស័យតាំងពីពេលនោះមក លុះពេលត្រឡប់ទៅញ៉ូហ្សឺឡែនវិញអាខោនហ្វេសប៊ុកឈ្មោះ និងនៅតែទាក់ទង និងកាន់តែមានភាពស្និតស្នាលសុំលុយកាក់ជាបន្តបន្ទាប់ ។ ក្រោយមកក៏ដឹង និងកាន់តែយល់ថា អាខោនហ្វេសប៊ុកដែលយករូបស្រីស្អាតមកប្រើប្រាស់នោះប្រាកដជាជនឆបោកបើនាងជាមនុស្សត្រឹមត្រូវ និងជាមនុស្សស្រឡាញ់ស្មោះត្រង់មែនមិនអាចប្រើល្បិចយ៉ាងដូច្នេះទេ ។ លុះដល់អំឡុងខែមិនា ឆ្នាំ២០១៧ អនិកជនខ្មែររូបនោះបានមកកាន់ប្រទេសកម្ពុជាម្តងទៀតដោយមិនអស់ចិត្តដែលបានផ្តល់លុយអស់រាប់ម៉ឺនដុល្លារហើយនៅមិនបានឃើញមុខស្រីស្នេហ៍ជាទីស្រឡាញ់នោះពោលគឺបានត្រឹមឃើញរូបថត ។
ពេលមកដល់កម្ពុជាឈ្មោះ អ៊ា មឿន បានទូរស័ព្ទទាក់ទងទៅជនសង្ស័យនៅតែចូល ប៉ុន្តែនាងមិនមកជួបដោយចេះតែដោះសារថាជាប់រវល់ទៅនេះទៅនោះដូច្នោះហើយបានជនរងគ្រោះ សម្រេចចិត្តប្តឹងទៅសមត្ថកិច្ចឲ្យជួយចាត់ការតាមច្បាប់ ។ នៅថ្ងៃទី២៣ ខែឧសភា ដោយមានការយកចិត្តទុកដាក់ពីសំណាក់មន្ត្រីនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃព្រមទាំងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចាត់តាំងកម្លាំងជំនាញស្រាវជ្រាវលេខទូរស័ព្ទជនសង្ស័យរហូតឈានដល់ការឃាត់ខ្លួនស្ត្រីរូបនោះតែម្តង ។
ក្រោយពីឃាត់ខ្លួននៅព្រឹកថ្ងៃទី២៤ ខែឧសភា សមត្ថកិច្ចបានអនុញាតិឲ្យដើមបណ្តឹងជួបជាមួយជនសង្ស័យដែលស្ត្រីម្នាក់ជើងឆើតលេងហ្វេសប៊ុកបោកលុយពីអនិកជនឆ្លងដែនប្រទេសបានរាប់សែនដុល្លារតទល់មុខគ្នាក្នុងគោលបំណងសម្រុះសម្រួលតាមអ្វីដែលដើមបណ្តឹងចង់បាន ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះ ជិន សោភា ហៅ ហុង ស្រីដេត បានសារភាពថា ខ្លួនពិតជាម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ(Sne Smos Srey Dath) នោះប្រកដមែន ចំណែករូបថតប្រើប្រាស់លើអាខោននោះខ្លួនចេះតែយករូបគេដាក់ដើម្បីឆបោកយកប្រាក់ថៅកែហាងនំបុ័ងខ្មែរនៅញ៉ូហ្សឺឡែននោះទេ ។
ហើយលុយដែលឆបោកពីអនិកជនខ្មែរនោះសរុបបានប្រហែលតែ១៥ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ មិនដល់ជាង២៧ម៉ឺនដូចការចោទប្រកាន់នោះឡើយ ។ ប៉ុន្តពេលនេះខ្លួនគ្មានប្រាក់សងទៅអនិកជននោះវិញទេព្រោះលុយដែលបានមកនោះពេលខ្លះប្តីយកចាយវាយ និងបំផ្លិចបំផ្លាញអស់ហើយកាលដែលរស់នៅជាមួយគ្នាក្រោយមកនេះប្តីនោះក៏បានចុះចោលខ្លួនទៀត ទុកឲ្យខ្លួនចិញ្ចឹមកូន៤នាក់នៅក្នុងបន្ទុក ដូច្នេះវាសនានាងមានតែទៅដេកក្នុងពន្ធនាគារចោលកូន៤នាក់នោះហើយពេលនេះទៅរកឯណាលុយរាប់ម៉ឺនដុល្លារនោះ ។
ចំណែកដើមបណ្តឹងគឺឈ្មោះ អ៊ា មឿន ដែលមិនទាន់បានវិលត្រឡប់ទៅមើលហាងនំបុ័ងនៅប្រទេសញ៉ូហ្សឺឡែននោះបានប្រាប់សមត្ថកិច្ចថា ពេលនេះលោកយកតែ១៩ម៉ឺនដុល្លារទេឲ្យតែជនសង្ស័យព្រមសងដើម្បីប្រញាប់បានទៅញ៉ូហ្សឺឡែនវិញ និងមិនចង់នៅបន្តរឿង ៕
Post a Comment