លោកតាបណ្ឌិត កុល ផេង ផ្ដល់អាហារូបករណ៍១០០ភាគរយដល់កវីតូច ពេជ្រ ថៃ
រាជធានីភ្នំពេញ៖ នេះជាដំណឹងដ៏រីករាយសម្រាប់កវីតូច ពេជ្រ ថៃ ដោយលោកតា កុល ផេង ស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា នឹងផ្ដល់អាហារូបករណ៍១០០ភាគរយសម្រាប់សិក្សាថ្នាក់ភាសាអង់គ្លេសពេញម៉ោង (IEAP) និងថ្នាក់បរិញ្ញាបត្រ (BA) ដោយរង់ចាំតែកុមារតូចម្នាក់នេះបានបញ្ចប់ថ្នាក់ទី១២ តែប៉ុណ្ណោះ។
នេះបើយោងតាម ហ្វេសប៊ុក ព្រះគុណម្ចាស់ មួយអង្គព្រះនាម Chhouk ដែលធ្លាប់ប្រកាសថា នឹងជួយផ្គត់ផ្គង់សម្ភារៈសិក្សាដល់ ពេជ្រ ថៃ។ ដើម្បីជ្រាបច្បាស់ សូមអានសំណេរដើមរបស់ព្រះតេជគុណព្រះនាមឈ្មោះ Chhouk ខាងក្រោមនេះ៖
ដំណឹងដ៏រីករាយដល់ប្អូនប្រុស ពេជ្រ ថៃ នៅពេលដែលខ្ញុំផុសថា នឹងជួយផ្ដល់សម្លៀកបំពាក់ដល់ប្អូនពេជ្រ ថៃ មានអ្នកសួរខ្ញុំថា ហេតុអីមិនជួយគាត់ផ្នែកសម្ភារៈសិក្សាវិញ ដូចជាកាតាប សៀវភៅ និងកង់ជិះជាដើម? ខ្ញុំក៏មិនបានសន្យាអីដែរទៅលើការសិក្សារបស់គាត់ ព្រោះវាហួសលទ្ធភាពរបស់ខ្ញុំ។
បន្ទាប់មក ខ្ញុំបានពាំនាំដំណឹងនេះជូនលោកតាបណ្ឌិត កុល ផេង ដោយលោកមានចិត្តមេត្តា ករុណា ចំពោះអ្នកខ្សត់ លោកតា ក៏សណ្ដោសផ្ដល់អាហារូបករណ៍ដល់ប្អូនប្រុសតូច ពេជ្រ ថៃ ពេញតែម្ដងទាំងថ្នាក់ភាសាអង់គ្លេស (IEAP) ទាំងថ្នាក់បរិញ្ញាប័ត្រ(BA) នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ ដែលជាសាលាដ៏ល្បីល្បាញមួយប្រចាំប្រទេសកម្ពុជាយើង ទោះបីគាត់ប្រឡង The Voice Kids Cambodia ធ្លាក់ឬជាប់ក៏ដោយ។
ហើយលោកតាក៏មានបណ្ដាំខ្លះដល់ប្អូនប្រុស ពេជ្រ ថៃ ដែរគឺ ” ចៅពូកែសិល្បៈហើយ តែចៅកុំភ្លេចប្រឹងប្រែងរៀនសូត្រឲ្យចប់ថ្នាក់ទី១២ សាលាបញ្ញាសាស្ត្រត្រៀមកៅអីអាហាររូបករណ៍ជូនចៅ១០០ភាគរយ “។
បញ្ជាក់៖ រហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់ទទួលបានការទាក់ទងផ្ទាល់ពីប្អូនប្រុសតូចនៅឡើយទេ។ បើបងប្អូនណាដឹង សូមជួយផ្ដល់ដំណឹងនេះដល់គាត់ ឬអ្នកជិតស្និទ្ធិគាត់ឲ្យទាក់ទងមកអាត្មាផង។ សូមអរព្រះគុណនិងអរគុណ៕
Post a Comment