កូនខ្មែរម្នាក់គ្រោងសង់រោងចក្រផលិតទឹកដោះគោ Hokkaido Milk លេខ១ជប៉ុន តម្លៃជាង១៥លានដុល្លារផ្តល់ការងារជាង៤ពាន់នាក់
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ជាសហគ្រិនឆ្នើមខ្មែរម្នាក់ វ័យ២៩ឆ្នាំ ក៏ជាកូនខ្មែរដំបូងគេមានមហិច្ឆតា បោះទុន ជាង១៥លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតទឹកដោះគោHokkaido Milk លេខ១មកពីប្រទេសជប៉ុន។ ហើយរោងចក្រនេះ នឹងមានវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ។
ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ បានថ្លែងប្រាប់ពាណិជ្ជកម្មកម្ពុជាថា គម្រោងសង់រោងចក្រផលិតទឹកដោះគោរបស់លោកឧកញ៉ា កំពុងតែសិក្សារកដៃគូសហការ ហើយសង្ឃឹមថាបងប្អូន អ្នកដែលមានចំណាប់អារម្មណ៍លើគម្រោងវិនិយោគវិនិយោគលើការផលិតទឹកដោះគោនេះមកសហការគ្នា។ ពីព្រោះខាងក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះស្រាប់ និងមានទីផ្សារហើយរួចហើយ និងមានការសិក្សាគម្រោងទីផ្សារច្បាស់លាស់។
លោកឧកញ៉ាបានបន្តថា គោលបំណងបង្កើតរោងចក្រនេះឡើង គឺដើម្បីបំពេញតម្រូវការដល់ក្មេងៗ មនុស្សទូទៅសម្រាប់ប្រើប្រាស់សម្រាប់អាជីវកម្មផ្សេងៗ។ ហើយមួយវិញទៀត សម្រាប់មនុស្សចាស់ ជាពិសេសអ្នកមានជំងឺមិនអាចហូបបាយបាន អាចហូបទឹកដោះគោជំនួសបាន។ គម្រោងរោងចក្រនេះ នឹងមានទីតំាងផ្ទាល់ខ្លួន ហើយត្រូវចំណាយពេលពី១ឆ្នាំ ទៅ២ឆ្នាំ។ លោកឧកញ៉ាបានបញ្ជាក់ថា នៅពេលគេទិញ Franchise ពី Monsne Café នឹងកាន់តែមានភាពល្បីឈ្មោះក្រោយពេលរោងចក្រផលិតទឹកដោះគោនេះលេចជារូបរាងឡើង។
លោកឧកញ៉ាបានបន្តទៀតថា សម្រាប់ទីតំាងអាចនៅផ្លូវជាតិលេខ៣ ឬលេខ៤ ហើយសម្រាប់តម្លៃវិញអាចមានតម្លៃចាប់ពី១០លានដុល្លារ ទៅ១៥លានដុល្លារ ដោយគិតទំាងរោងចក្របូករួមទំាងដី។ រោងចក្រនេះ មិនត្រឹមតែជួយផ្គត់ផ្គង់ទឹកដោះគោនោះទេ វាក៏បានផ្តល់ការងារជាង ៤ពាន់នាក់សម្រាប់ខ្មែរយើងផងដែរ។ ការបង្កើតរោងចក្រនេះ គឺចង់ជួយកូនខ្មែរដែរអត់ការងារធ្វើ ជួយដល់សេដ្ឋកិច្ចសង្គម ហើយចង់ឲ្យបរទេសទទួលស្គាល់នូវស្នាដៃកូនខ្មែរក៏មានសមត្ថភាពខ្លាំងមិនចាញ់បរទេសនោះទេ។
លោកឧកញ៉ាបានបញ្ជាក់ថា ខាងក្រុមហ៊ុនក៏មានការសហការជាមួយប្រទេសដ៏ទៃ ដើម្បីធ្វើការនាំចេញមិនត្រឹមតែធ្វើការផ្គត់ផ្គង់ក្នុងស្រុកនោះទេ មានដូចជាប្រទេសថៃ និងភូមាផងដែរ។
សូមបញ្ជាក់ថា លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ ជាសហគ្រិនវ័យក្មេង តែមានមហិច្ឆតាខ្ពស់របស់កម្ពុជាម្នាក់ ហើយបច្ចុប្បន្ននេះ លោកមានក្រុមហ៊ុន៥ក្នុងដៃ មានក្រុមហ៊ុនអចលនទ្រព្យCSS Real Estate LLC , ហាងបញ្ចាំមហាសេរីPawn shop, Luxury Smile, ក្រុមហ៊ុនទទួលផលិតផលិតផលសម្ពស្ស និងMonsne Café Cambodia៕
ប្រភព៖ www.business-cambodia.com
Post a Comment